វិទ្យុជាតិកម្ពុជា ឈួន សំអាត
ភ្នំពេញ÷ រដ្ឋាភិបាលជប៉ុន នៅរសៀលថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៥នេះបានផ្តល់ថវិកាសរុបចំនួន ១,១៨២,៦៥៨ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោម គ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី ២០ ខែ ឧសភា ២០២៥ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយសម្រាប់ អនុវត្តគម្រោង ទី១ គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី៣) នូវថវិកាចំនួន ៦១៨,០៨៦ ដុល្លារអាមេរិក ដោយអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស (HoG)។
នៅក្នុងគម្រោងនេះ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស នឹងអនុវត្តសកម្មភាពមួយ ចំនួន ដើម្បីកែលម្អ ប្រព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានឧត្តមសិក្សា ដូចជាបណ្ណាល័យ មជ្ឈមណ្ឌលអន្តរជាតិ ការធានាគុណភាពផ្ទៃក្នុង ការរអភិវឌ្ឍគ្រូបង្រៀន ការគ្រប់គ្រងនិស្សិត ការគាំទ្រអតីតនិស្សិត និងការគ្រប់ គ្រងសន្តិសុខ នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។
គម្រោងនេះ មានគោលបំណងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយនិរន្តរភាព ដែលរួមចំណែកក្នុងការអភិវឌ្ឍគ្រូបង្រៀន អប់រំកាយប្រកបដោយគុណភាព ស្របតាម "ស្តង់ដាគុណភាពអប្បបរមា សម្រាប់ការផ្តល់ការទទួល ស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា (MSAHEI)" នៅក្នុងប្រទេសកម្ពុជា។
ចំណែកគម្រោងទី២ “ការជួយកុមារ និងយុវជន ដោយការពង្រីកលទ្ធភាពទទួលបានមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (LLLC) ក្នុងខេត្តបន្ទាយមានជ័យ” ថវិកាចំនួន ៥៦៤,៥៧២ ដុល្លារអាមេរិក ទទួលជំនួយដោយអង្គការកុមារឥតព្រំដែន។
នៅក្នុងគម្រោងនេះ អង្គការកុមារឥតព្រំដែន នឹងបន្តគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការលំបាកដោយសារការងារមិនស្ថិតស្ថេរ ខ្វះជំនាញជីវិត និងបោះបង់ការសិក្សា។ សម្រាប់ឆ្នាំទីមួយ និងទីពីរនៃ គម្រោងនេះ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មីចំនួនបី ត្រូវបានសាងសង់។ សម្រាប់ឆ្នាំទីបី មជ្ឈមណ្ឌល សិក្សាពេញមួយជីវិតថ្មីចំនួនពីរ នឹងត្រូវបានសាងសង់ និងបំពាក់ដោយសម្ភារៈសិក្សា។ តាមរយៈការផ្តល់ថ្នាក់ អប់រំសមមូល និងបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាការគាំទ្រយ៉ាងជិតស្និទ្ធដល់កុមារ និងយុវជន ពួកគេអាចទទួលបានជំនាញ ដែលជួយពួកគេបង្កើតមូលដ្ឋានគ្រឹះសម្រាប់ជីវិតកាន់តែប្រសើរនាពេលអនាគត។
សូមពញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៦០ ដែលផ្តោតសំខាន់ទៅលើវិស័យ អប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេស កម្ពុជា៕