វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ម៉ូត វ៉ោយហូរ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស បានប្រារព្ធពិធី ទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណ វត្តពោធិ៍ក្នុង សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នេះ។
ក្នុងសារលិខិត រំលឹកដល់វិញ្ញាណក្ខន្ធ ព្រះសង្ឃ និងប្រជាជន ដែលបានស្លាប់ក្នុង របប ៣ ឆ្នាំ ៨ខែនិង ២០ ថ្ងៃ ដែលអានដោយឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង ដែលមានខ្លឹមសារថា ការប្រារព្ធ ទិវាជាតិ នៃការចងចាំ នាពេលនេះ ក្នុងគោលបំណង សង្រួមកាយវាចាចិត្ត គោរព ដល់វិញ្ញាណក្ខន្ធ ព្រះសង្ឃ បុព្វបុរស វីរជនស្នេហាជាតិ កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជារាស្រ្តស្លូតត្រង់ ដែលបានបាត់បង់អាយុជីវិត ដោយអំពើអមនុស្សធម៌ សាហាវឃោរឃៅ យុងឃ្នង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កន្លងមក។
ក្នុងសារលិខិតបានបញ្ជាក់ទៀតថា ក្នុងកាល:ទេស: ដ៏ឈឺចាប់បំផុតនោះ មានតែរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នប្តូរឈ្មោះ មកជារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលជាអង្គការចាត់តាំង មហាជនមួយឈានមុខ របស់គណបក្ស ប្រជាជនកម្ពុជា បានអំពាវនាវ ដល់ប្រជាជនគ្រប់ទិសទី រួមជាកម្លាំង បានវាយផ្ដួលរំលំ របបកម្ពុជា ប្រជាធិបតេយ្យ ដណ្ដើមបានជ័យជំនះ នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដោយសង្គ្រោះប្រទេសជាតិ ប្រជាជនបានទាន់ពេលវេលា។
មហាជ័យជំនះ ៧ មករា ឆ្នាំ ១៩៧៩ បានបើកឡើងនូវទំព័រ សករាជថ្មី ដោយប្រជាជន ទទួលបាននូវ សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ មានឱកាសស្ដារកសាង មាតុភូមិនិងបានចាត់ទុក ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃកំណើតទី ២។ ជាងនេះទៀត ក្រោមការដឹកនាំរបស់ គណបក្ស ប្រជាជនកម្ពុជា ក្រោមការចូលរួម គាំទ្រពី ប្រជាពលរដ្ឋផងនោះ បានខិតខំអភិវឌ្ឍន៍ ជាតិមាតុភូមិ មានការរីកចម្រើន លើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ។
ក្រោយពីព្រះសង្ឃ (បង្សុកូល) និងបុញ្ញកុសល ដែលកើតឡើងអំពី ការវេប្រគេនចង្ហាន់ ដល់ ព្រះសង្ឃនាពេលនេះ សូមឧទ្ទិសបុញ្ញកុសល ប្រគេននិងជូនដល់ ព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធ ជនស្លូតត្រង់ទាំងអស់ ដែលបានបាត់បង់អាយុជីវិត ក្នុងរបប ឃោរឃៅនោះ សូមទៅកាន់សុគតិភព កុំបីអាក់ខានឡើយ៕