វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកែប
កែប៖ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្ត ដោយមានការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការៀបចំផែនការរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣(NDC3.0) ក្រោមអធិបតីភាព ឯកឧត្តម ជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ អភិបាលរងខេត្តកែប កំពត តាកែវ កោះកុង រួមទាំងអភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជំវិញខេត្ដ និងអ្នកពាក់ព័ន្ធជាច្រើនូប កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។ ឯកឧត្តម ជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា ការប្រែប្រួលអាកាសធាតុ គឺជាការគម្រាមកំហែងចំបងមួយនាពេលបច្ចុប្បន្ន និងពេលអនាគត សម្រាប់មនុស្សជាតិទាំងមូល ជាពិសេសសម្រាប់កម្ពុជាយើង ដែលមានសេដ្ឋកិច្ចពឹងអាស្រ័យលេីវិស័យកសិកម្ម។ ក្នុងនោះដែរ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាថ្ងៃនេះ នឹងជួយផ្តល់នូវចំណេះដឹងជាមូលដ្ឋានបន្ថែមទៀត ក្នុងការរួមចំណែករៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ លោក សុខ វណ្ណា តំណាងប្រចាំប្រទេសនៃអង្គការ UN-Habitatបានសង្កត់ធ្ងន់ថា ការរៀបចំសិក្ខាសាលានេះ គឺជាឱកាសដើម្បីកំណត់ និងធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវដោយប្រើប្រាស់ផែនការអាកាសធាតុជាតិ ក៏ដូចជាផែនការវិនិយោគ ដើម្បីទទួលបាននូវការគាំទ្រផ្នែកធនធាន និងដំណើរឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងអព្យាក្រឹតកាបូន។ លោកបន្ថែមថាប៉ុន្មានខែខាងមុខនេះ ក្រុមការងារបច្ចេកទេសដែលដឹកនាំដោយរាជរដ្ឋាភិបាល ដោយមានការគាំទ្រពី UNDP និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត នឹងធ្វើការកំណត់គោលដៅផែនការជាតិប្រកបដោយមហិច្ឆិតា និងអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាព។ ក្នុងឱកាសនោះដែរ លោកស្រី ទិត សុខា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ខេត្តកែប ជាខេត្តមួយដែលស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងចំណោមខេត្តទាំង៤ រួមមាន ខេត្តកែប កោះកុង កំពត និងខេត្តព្រះសីហនុ។ ដោយសារតែទីតាំងរបស់ខេត្តកែបនៅជាប់មាត់សមុទ្រនោះ ខេត្តនេះបានទទួលរងគ្រោះធម្មជាតិជាញឹកញាប់ដូចជាខ្យល់កន្ដ្រាក់ជាដេីម។ ជាមួយគ្នានោះដែរ ការយល់ដឹងស្តីពីការប្រែប្រួលអាកាសធាតុរបស់ប្រជាពលរដ្ឋនៅមានកម្រិត មានផលប៉ះពាល់ច្រើនលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងមូលដ្ឋាន៕