កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះ ក្រោម របបប្រល័យពូជសាសន៍ ស្ថិតក្នុងបរិវេណវត្តកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិតសោម ពិសិដ្ឋ អភិបាននៃគណៈអភិបានខេត្តកែប ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រី គ្រប់ជាន់ថ្នាក់ សមាជិក សមាជិកាគណបក្សប្រជាជន មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័ន មន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណ ១.៣៥៨ នាក់ ។
បន្ទាប់ពីថ្នាក់ដឹកនាំខេត្ត និង តំណាងមន្ទីរ អង្គភាព ជុំវិញខេត្ត អញ្ជើញដាក់គួរ៉ោនផ្កា បាច់ផ្កា និង អុជធូបគោរពវិញ្ញាណក្ខន្ធចំពោះអដ្ឋិធាតុនៃជនរងគ្រោះ រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាននៃគណៈអភិបាលខេត្ត បានអានវិយោគកថា លើកឡើងពីមហាសោកនាដកម្ម វិនាសកម្ម ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត មកលើប្រជាជាតិ និង ប្រជាជនកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។ ពួក ប៉ុល ពត បានក្បត់ឧត្តមគតិរបស់ប្រជាជន ប្លន់យកអស់សិទ្ធិសេរីភាព គ្រប់បែបយ៉ាង ប្រែក្លាយជ័យជំនះថ្ងៃ១៧ មេសា ១៩៧៥ ទៅជាវាលពិឃាត ទឹកដីនៃមាតុភូមិកម្ពុជាទាំងមូល មានតែឈាម ទឹកភ្នែក និងគំនរសាកសព ដែលទទួលរងពីការកាប់សម្លាប់ ធ្វើទារុណកម្ម យ៉ាងឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង រកអ្វីមកប្រៀបផ្ទឹមពុំបាន ការបង្ខំធ្វើពលកម្មធ្ងន់ធ្ងរ ហូបពុំគ្រប់គ្រាន់ ឈឺថ្កាត់គ្មានថ្នាំព្យាបាល ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទីគ្មានសល់ ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិបានបដិសន្ធិឡើង ហើយបានដឹកនាំចលនាតស៊ូ ប្រមូលកម្លាំងអ្នកស្នេហាជាតិពិតប្រាកដ គួបផ្សំការជួយឧបត្ថម្ភពីមិត្តភក្តិជិតឆ្ងាយលើសកលលោក បានធ្វើការវាយរំលំរបបប្រល័យពូជសាសន៍ ទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ។ ក្រោយថ្ងៃរំដោះភ្លាម ស្ថិតក្នុងកាលៈទេសៈដ៏លំបាកលំបិនបំផុត ប្រជាជនដែលសេសសល់ពីការកាប់សម្លាប់ មានជម្ងឺប្រចាំកាយ បាក់កម្លាំង មានតែស្ត្រីមេម៉ាយ កុមារកំព្រា រដ្ឋអំណាចកម្ពុជាដ៏ក្មេងខ្ចី ដៃម្ខាងកាន់អាវុធប្រយុទ្ធការពារទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលបានធ្វើសង្គ្រាមឈ្លប វាយប្រហារ ឆក់ប្លន់ បង្កអសន្តិសុខ គ្រប់ច្រកល្ហក ភូមិ ឃុំ ដៃម្ខាងទៀតខិតខំស្តារ កសាង ទឹកដីឡើងវិញពីលេខសូន្យ ។ មកដល់បច្ចុប្បន្ន កម្ពុជាមានអ្វីៗគ្រប់បែបយ៉ាង មានកម្លាំងគ្រប់គ្រាន់ សម្រាប់ធ្វើជាម្ចាស់នៃជោគវាសនាអនាគតរបស់ខ្លួន និងកំពុងអនុវត្តន៍យ៉ាងសកម្ម នូវគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ធាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះ ក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈក៏បានសម្តែងឈុតខ្លី និងស្មូត្រកំណាព្យ ដែលបង្ហាញពីសកម្មភាពនៃពួកប្រល័យពូជសាសន៍ប្រព្រឹត្តមកលើប្រជាជនកម្ពុជា ស្លូតត្រង់ក្នុងរយះពេលកាន់អំណាច ដែលធ្វើឲ្យអង្គពិធីទាំងមូល មានអារម្មណ៍ក្តុកក្តួល រំជួលចិត្ត ស្រមៃទៅដល់អតីតកាល ជាង ៤០ ឆ្នាំមុន ដែលបានបង្កជារបួសក្នុងដួងចិត្តគ្រប់ៗគ្នាឈឺចាប់ និងចងចាំជានិច្ច គ្មានថ្ងៃបំភ្លេចបាន ៕