វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២១ ឧសភា ២០២៥
MC៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ក្រសួងអប់រំ បានដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះ ៤ ផ្ដោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ដ៏ខ្ពង់ខ្ពស់ នៅក្នុងសម័យប្រជុំដំបូងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះ ៤។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វិធានការគន្លឹះទំាង៤នេះរួមមាន គឺ៖ ១. ការពង្រឹងអភិបាលកិច្ចសាលារៀន ២. ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោង សិក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣. ការបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស តាមរយៈការអនុវត្តកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង៤. ការជំរុញ និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការចូល រួមការងារអប់រំសិស្សក្រោមពាក្យស្លោក ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ។
សំឡេង «កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា និងលេខាធិការដ្ឋាននៃគណៈកម្មការជាតិជំរុញការអនុវត្តកំណែទម្រង់ក្នុង វិស័យអប់រំ (គ.វ.អ.) បានជ្រើសរើសសាលារៀន ដើម្បីផ្តល់ការគាំទ្រ និងវាយតម្លៃជាសាលារៀន គំរូ។ ជាមួយគ្នានេះ ក្រសួងបាននិងកំពុងរៀបចំយុទ្ធសាស្ត្របង្រៀនពេញមួយថ្ងៃ តាមរយៈ ការលើកកម្ពស់អំណានបន្ថែម ការធ្វើស្វ័យសិក្សាដោយប្រើប្រាស់សន្លឹកកិច្ចការ កម្មវិធីកីឡា ការងារសង្គម ការបង្រៀនសិល្បៈ និងវប្បធម៌ខ្មែរ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបរវរធិបតីនាយករដ្ឋមន្ត្រី»។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំសិក្សា ២០២៤-២០២៥នេះ ក្រសួងបានពង្រីកចំនួនសាលារៀនគោលដៅ មានចំនួន ១៦១សាលា ដោយបានផ្តោតលើការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ចំនួន ២ ម៉ោងបន្ថែម រួមមានវិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្ត និងការចូលរួមពី សហគមន៍៕