វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២១ ៥ ២៥
អន្តរជាតិ៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បាននិយាយថា ការទាមទាររបស់សហរដ្ឋអាមេរិក ដែលឱ្យទីក្រុងតេអេរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម វាជារឿងហួសហេតុ និងគួរឱ្យខឹងយ៉ាងខ្លាំង ដោយលោកបានសម្តែងការងឿងឆ្ងល់ថាតើកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីនឹងទទួលបានជោគជ័យដែរឬទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានបន្តថា "ខ្ញុំមិនគិតថាកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនឹងនាំមកនូវលទ្ធផលនោះទេ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ"។ លោកបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការទាមទារដ៏ហួសហេតុនេះ។ ការអត្ថាធិប្បាយនេះ ធ្វើឡើងខណៈកិច្ចចរចានុយក្លេអ៊ែរកំពុងស្ថិតក្នុងភាពរង្គោះរង្គើ ទោះបីជាមានការរំពឹងទុកថា នឹងមានកិច្ចចរចាជុំទីប្រាំនៅទីក្រុងរ៉ូម ចុងសប្តាហ៍នេះក៏ដោយ។ កាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានព្រមានថា កិច្ចពិភាក្សានឹងបរាជ័យ ប្រសិនបើអាមេរិកនៅតែទទូចឱ្យអ៊ីរ៉ង់បោះបង់ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងស្រុក ដែលអាមេរិកបារម្ភថាអាចជាផ្លូវទៅកាន់ការផលិតគ្រាប់បែកនុយក្លេអ៊ែរ។ ទន្ទឹមនឹងនេះកាលពីថ្ងៃអង្គារ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ម្នាក់ទៀតបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានទទួល និងកំពុងពិនិត្យមើលសំណើមួយពីសហរដ្ឋអាមេរិក ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់ចាំបាច់ត្រូវតែចាត់វិធានការឱ្យបានលឿន៕