វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២១ ឧសភា ២០២៥
MC៖ ក្រសួងអប់រំ ក្រសួងអប់រំ បានប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ ឱ្យទៅជាវិទ្យាស្ថានគរុកោសល្យ ដោយច្របាច់បញ្ចូលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យនិង វិក្រឹតការខេត្ត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះថា ក្រសួងបានកែលម្អកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដោយបានដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្តុះ បណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀនកម្រិតមូលដ្ឋាន (១២+២) តាមប្រព័ន្ធក្រេឌីត, បញ្ចូលកញ្ចប់អំណានដំបូងនិងគណិតវិទ្យាថ្នាក់ដំបូង ទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន កម្រិតបឋមសិក្សា, អនុម័តក្របខណ្ឌកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ +២), និងអនុម័តសៀវភៅណែនាំស្តីពី ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈនៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ដថា ជាទិសដៅនាពេលអនាគត ក្រសួងនឹងប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ ឱ្យទៅជាវិទ្យាស្ថានគរុកោសល្យ ដោយច្របាច់បញ្ចូលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យនិង វិក្រឹតការខេត្ត។
«១. ប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ ឱ្យទៅជាវិទ្យាស្ថានគរុកោសល្យ ដោយច្របាច់បញ្ចូលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យនិង វិក្រឹតការខេត្ត រួមមាន៖ កណ្តាល កំពង់ចាម ព្រៃវែង និងតាកែវ តាមគំរូបាត់ដំបង និង រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិការដ្ឋ និងដៃគូអភិវឌ្ឍ ២. ពិនិត្យឡើងវិញតួនាទីសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ៣. អនុវត្តការបណ្តុះបណ្តាលមិនផ្តល់ក្របខណ្ឌ៖ សម្រាប់ជំនួសគ្រូជាប់កិច្ចសន្យា ឈានឆ្ពោះទៅអនុវត្តអាជ្ញាប័ណ្ណគ្រូបង្រៀន (គ្រូបង្រៀនកិច្ចសន្យាពិសេស) សម្រាប់សាលា រៀននៅជនបទ និងជួបការលំបាក ដោយប្រើប្រាស់គុណវុឌ្ឍដូចគ្នា ៤. បន្តផ្តល់ឋានៈសាស្ត្រាចារ្យដល់គ្រូឧទ្ទេស ៥. បណ្តុះបណ្តាលជំនាញប្រឹក្សាគរុកោសល្យ សម្រាប់ការចុះគាំទ្រគ្រូបង្រៀន ៦. លើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន៖ តាមរយៈការអនុវត្តកម្មវិធីលើកកម្ពស់គុណវុឌ្ឍគ្រូ បង្រៀន និងនាយកសាលាចំនួន ១៣០០០នាក់ ចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧ »។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា កាលពីអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា (២០១៨-២០២៣) ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់អាទិភាពលើកំណែទម្រង់គ្រូបង្រៀន និងកំណែទម្រង់គ្រឹះស្ថានបណ្តុះ បណ្ដាលគ្រូបង្រៀន។ ក្រសួងបានបង្កើតគណៈកម្មាធិការកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ដើម្បី ធ្វើកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្នែករឹង) និងកម្មវិធី សិក្សា៕