សម្តេចធិបតី៖ ការបំពេញគ្រូនៅមូលដ្ឋាន គឺធានាទាំងបរិមាណ និងគុណភាព

Narith | ថ្ងៃទី 21 ខែ ឧសភា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២១ ០៥ ២៥
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញគ្រូនៅមូលដ្ឋាន គឺធានាទាំងបរិមាណ និងគុណភាព ដើម្បីលើកកម្ពស់វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា។

ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិតចំនួន ២៧៥នាក់    នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី បានណែនាំឱ្យរៀបចំជ្រើសរើសគ្រូដែលមានសមត្ថភាព ឬគុណវុឌ្ឍិលើជំនាញច្បាស់លាស់អាចមានលទ្ធភាពទៅបង្រៀនសិស្សលើជំនាញណាមួយច្បាស់លាស់ ដែលធានាយ៉ាងច្បាស់ថា ធ្វើជាគ្រូ ត្រូវចេះ១១០ភាគរយ។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរតាំងពីដើមអាណត្តិ ក្នុងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីក្របខណ្ឌ ដើម្បីកុំឲ្យក្របខណ្ឌប៉ោង ដោយស្របតាមនិយាម ស្តង់ដារច្បាស់លាស់ និងលក្ខខណ្ឌស្ថានភាពជាក់ស្ដែង ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនរហូតដល់អាណត្តិទី៧នេះ គឺបានផ្ដល់អាទិភាពសំខាន់លើការធ្វើកំណែទម្រង់វិស័យអបរំជាពិសេសការធ្វើកំណែទម្រង់ និងពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ។ 
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានគាំទ្រ និងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំចំពោះការពង្រឹងសមត្ថភាពគុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកែលម្អកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដោយបានដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្តុះ បណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀនកម្រិតមូលដ្ឋាន (១២+២) តាមប្រព័ន្ធក្រេឌីត, បញ្ចូលកញ្ចប់អំណានដំបូងនិងគណិតវិទ្យាថ្នាក់ដំបូង ទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន កម្រិតបឋមសិក្សា, អនុម័តក្របខណ្ឌកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ +២), និងអនុម័តសៀវភៅណែនាំស្តីពី ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈនៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ។ 
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ជាទិសដៅនាពេលអនាគត ក្រសួងនឹងប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ ឱ្យទៅជាវិទ្យាស្ថានគរុកោសល្យ ដោយច្របាច់បញ្ចូលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យនិង វិក្រឹតការខេត្តផងដែរ។
សូមបញ្ជាក់ថា គ្រូបង្រៀនគឺជា ភ្នាក់ងារដ៏សំខាន់ ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ការបង្កើនគុណភាព និងឧត្តមភាពរបស់គ្រូបង្រៀនគឺជាកត្តាគន្លឹះ ដោយក្រសួងបាននិងកំពុង អនុវត្តកំណែទម្រង់សាលាគរុកោសល្យ ក្នុងទិសដៅប្រែក្លាយសាលាគរុកោសល្យឱ្យទៅជា មជ្ឈមណ្ឌលឧត្តមភាព ក្នុងការបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀន៕

សម្តេចធិបតី៖ ការបំពេញគ្រូនៅមូលដ្ឋាន គឺធានាទាំងបរិមាណ និងគុណភាព
សម្តេចធិបតី៖ ការបំពេញគ្រូនៅមូលដ្ឋាន គឺធានាទាំងបរិមាណ និងគុណភាព
សម្តេចធិបតី៖ ការបំពេញគ្រូនៅមូលដ្ឋាន គឺធានាទាំងបរិមាណ និងគុណភាព
សម្តេចធិបតី៖ ការបំពេញគ្រូនៅមូលដ្ឋាន គឺធានាទាំងបរិមាណ និងគុណភាព