អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់របស់របាយការណ៍អាមេរិក ពាក់ព័ន្ធមូលដ្ឋានសមុទ្ររាម

Narith | ថ្ងៃទី 21 ខែ ឧសភា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២១ ៥ ២០២៥
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តម ឈុំ សុជាតិ បានច្រានចោលចំពោះការចោទប្រកាន់របស់របាយការណ៍ភាគីសហរដ្ឋអាមេរិកពាក់ព័ន្ធ នឹងមូលដ្ឋានសមុទ្ររាមនៃកងទ័ពជើងទឹកកម្ពុជា ។

ការច្រានចោលរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីវិទ្យុអាស៊ីសេរី នាថ្ងៃទី២០ ខែឧសភា បានចេញផ្សាយថា “មជ្ឈមណ្ឌលស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបានរកឃើញថា យោធាចិនកំពុងមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពរាម ហើយចិន ក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើសពីមូលដ្ឋានទ័ពរាម” ។
ក្រោយឃើញបែបនេះ អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២១ ខែឧសភា បានទាត់ចោលថា “សូមប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឲ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួន នាថ្មីៗនេះ” ។ 
ឯកឧត្តមអ្នកនាំពាក្យបន្តថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធាដាច់ខាត។ 
ឯកឧត្តម បានអះអាងទៀតថា ក្រោយការដាក់ឲ្យដំណើរការប្រើប្រាស់កន្លងមក កម្ពុជាបានអនុញ្ញាតឲ្យនាវាបរទេសចូលមកសំចតជាហូរហែនៅកំពង់ផែសមុទ្ររាម ដែលក្នុងនោះមាននាវាកងទ័ពជប៉ុនត្រូវបានអនុញ្ញាតចូលចតមុនគេបង្អស់ បន្ទាប់ពីកំពងផែសមុទ្ររាមត្រូវបានសម្ពោធជាផ្លូវការ បន្ទាប់មកមាននាវាកងទ័ពវៀតណាម នាវាចិនជាដើម។ ដោយពួកគេបានប្រើប្រាស់កំពង់ផែសមុទ្ររាមដោយរីករាយ ដែលនេះជាភស្តុតាងជាក់ស្តែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររាមរបស់កម្ពុជា។ 
បើតាមឯកឧត្តមអ្នកនាំពាក្យ ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍រាល់បណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។ 
ឯកឧត្តមបន្ថែមថា ប៉ុន្តែទោះជាយ៉ាងនេះក្តី រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម ត្រូវតែជូនដំណឹងមកកម្ពុជាដែលជាម្ចាស់ផ្ទះជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរ ដែលសង្ឃឹមថា នៅថ្ងៃខាងមុខ នឹងមាននាវាកងទ័ពប្រទេសជាមិត្តជាបន្តបន្ទាប់ទៀត នឹងចូលចតនៅកំពង់ផែរាមនេះ៕

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់របស់របាយការណ៍អាមេរិក ពាក់ព័ន្ធមូលដ្ឋានសមុទ្ររាម
អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់របស់របាយការណ៍អាមេរិក ពាក់ព័ន្ធមូលដ្ឋានសមុទ្ររាម