វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២១ ៥ ២០២៥
ភ្នំពេញ ៖ លោកបណ្ឌិង យង់ ពៅ អ្នកវិភាគនយោបាយ និងសង្គមកម្ពុជា បានអបអរសាទរចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានរក្សាទុកព្រលានយន្តហោះពោធិ៍ចិនតុង សម្រាប់បម្រើប្រយោជន៍សាធារណៈ ព្រោះបានរក្សាតម្លៃជាប្រវត្តិសាស្ត្រ និងបិទបញ្ចប់ការទាញភ្ជាប់អនាគតព្រលានយន្តហោះពោធិ៍ចិនតុងទៅនឹងរឿងនយោបាយ ។
ការលើកឡើងរបស់លោកបណ្ឌិតយង់ ពៅនេះ បន្ទាប់ពីក្រុមអ្នកវិភាគ និងក្រុមប្រឆាំងបានលើកយកមកធ្វើជាប្រធានបទវែកញែកចោទ ប្រកាន់រាជរដ្ឋាភិបាល ជុំវិញការលក់ទីតាំងព្រលានយន្តហោះពោធិ៍ចិនតុងទៅក្រុមហ៊ុនឯកជន ក្រោយមានការប្រកាសថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទដំណើរ ការនារាត្រីថ្ងៃទី៩ ខែកក្កដា ឈានចូលថ្ងៃទី១០ ខែកក្កដាខាងមុខ ។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីពេលថ្មីនេះ បានស្នើឲ្យក្រុមប្រឆាំងនិងអ្នកវិភាគចេះដឹងគ្រប់រឿងបញ្ចប់ការជជែកទៅ ព្រោះរដ្ឋគ្មានគោលការណ៍លក់ ឬដោះដូរជាថ្នូរនឹងអ្វីមួយជាមួយក្រុមហ៊ុនឯកជននោះទេ ។ ដោយរដ្ឋនឹងរក្សាតម្លៃជាប្រវត្តិសាស្រ្តមិនឲ្យបាត់បង់ទៅណាឡើយ ព្រោះជាស្នាព្រហស្តរបស់អតីតព្រះមហាក្សត្រកម្ពុជា គឺព្រះបរមរតនកោដ្ឋដែលបានបម្រើដល់វិស័យដឹកជញ្ជូនផ្នែកអាកាសរាប់ទសវត្សមកហើយ ។
លោកបណ្ឌិត យង់ ពៅ លើកឡើងថា ការរក្សាព្រលានយន្តហោះពោធិ៍ចិនតុងជាសម្បត្តិរបស់រដ្ឋ គឺជាទស្សនវិស័យដ៏វែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ លោកបណ្ឌិតថា ទីតាំងព្រលានយន្តហោះពោធិ៍ចិនតុង គួរតែត្រូវបានគ្រប់គ្រងនិងថែរក្សាឲ្យបានគង់វង្ស ដើម្បីបង្ហាញអំពីវប្បធម៌ថែរក្សាមរតកអ្នកជំនាន់មុន ការបន្តនិរន្តរភាពនៃទីតាំងជាប្រវត្តិសាស្ត្រសម្រាប់ជាតិ និងគូសរំលេចអំពីដំណើរការអភិវឌ្ឍសង្គមជាតិ ដែលគាំទ្រដល់សុខុមាលភាពសាធារណៈ និងទទួលបានការសាទរពីប្រជាពលរដ្ឋផងដែរ។
ម្យ៉ាងទៀតលោកបណ្ឌិត យង់ ពៅ ក៏បានផ្តល់យោបល់ថា ចំពោះទីធ្លាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានបរិវេណធំទូលាយនេះ គួរត្រូវបានពិចារណាសម្រាប់ការរៀបចំជាទីតាំងបណ្ដុំក្រសួង-ស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីកាត់បន្ថយភាពកកស្ទះចរាចរណ៍ និងការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគ ក្នុងការស្វែងរកសេវាសាធារណៈផ្សេងៗ។
“ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជារឿងប្រសើរមួយដែលបានបិទបញ្ចប់ការបង្កើតទស្សនៈនយោបាយផ្សេងៗ ដើម្បីកេងចំណេញលើករណីនេះ ព្រោះអ្នកនយោបាយមួយចំនួន តែងតែទាញភ្ជាប់បញ្ហានេះទៅនឹងបញ្ហាផ្សេងៗទៀត ដែលបញ្ហានេះជាបញ្ហារសើបមួយដែរ ព្រោះធ្លាប់មានការប្រើប្រាស់ដីសាធារណៈផ្សេងៗទៅលើបញ្ហាមួយចំនួន ។ អីចឹងការលេចឡើងនូវការប្រើប្រាស់ដីព្រលានយន្តហោះបច្ចុប្បន្ននេះទៅជាការដេញថ្លៃលក់ជាលក្ខណៈអីហូរហែ ចេះតែមានអ្នកនយោបាយ អ្នកវិភាគ អ្នកបញ្ចេញទស្សនមតិតាមបណ្តាញសង្គម” ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង បានចាប់ផ្តើមកសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ ។ ប៉ុន្តែ ដើម្បីឆ្លើយតបនឹងកំណើនចំនួនអ្នកធ្វើដំណើរ អាកាសយានដ្ឋានត្រូវបានបើកការដ្ឋានរុះរើសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ១៩៩៥ ដោយក្រុមហ៊ុន SCAរបស់បារាំង ។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់ រួចរាល់ជាស្ថាពរនៅឆ្នាំ២០០២ មានលទ្ធភាពទទួលអ្នកដំណើរ បាន៥លាននាក់ក្នុង១ឆ្នាំៗ ។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះ ទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣ ៕