វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២១.០៥.២០២៥
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការកែទម្រង់របស់ក្រសួងព័ត៌មានគឺផ្តោតសំខាន់ទៅលើមុខងារស្នូលនិងមុខងារគាំទ្រ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការព័ត៌មាននិងសោតទស្សន៍ លើកកម្ពស់ការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយនិងការងាររដ្ឋបាលទូទៅ ជាពិសេសការផ្ដល់សេវាគាំទ្រលើការលើកកម្ពស់វិស័យព័ត៌មាននៅថ្នាក់ក្រោមជាតិ ។
ក្នុងសិក្ខាសាលាស្តីពី « ការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន » ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នាថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣របស់ក្រសួងព័ត៌មាន គឺរៀបចំឡើងក្នុងគោលបំណងពង្រឹង និងជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងព័ត៌មាន ជាពិសេសគឺការអនុវត្តថវិកាកម្មវិធីនិងថវិកាសមិទ្ធកម្ម ក្នុងស្មារតីពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈ ឱ្យបានត្រឹមត្រូវ ។
ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តថា ការកំណែទម្រង់របស់ក្រសួងព័ត៌មាននេះ មិនមែនផ្ដោតតែលើមុខងារស្នូល ដែលជាការដឹកនាំនិងគ្រប់គ្រងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្រសួងក៏ត្រូវតែដើរតួនាទីបន្ថែម ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណៈមតិរបស់ជាតិដែលជាមុខងារគាំទ្រ សម្រាប់ដើរតួនាទីក្នុងការផ្ដល់ការគាំទ្រទៅក្រសួងស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទៅលើការងារព័ត៌មាននិងសាធារណៈមតិ និងផ្នែកកិច្ចការសាធារណៈ ។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តការងាររបស់ក្រសួងព័ត៌មាន ស្របទៅនឹងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបានតម្រង់ទិសទៅលើកិច្ចការងាររបស់ខ្លួន លើការគ្រប់គ្រងនិងអភិវឌ្ឍន៍ ដោយទី១ ពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាឌីជីថល ខណៈដែលកិច្ចការងារនេះគឺបាននិងកំពុងអនុវត្ត ទី២ គឺការអភិវឌ្ឍវិស័យព័ត៌មាន ទី៣ ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសារព័ត៌មាន ដែលសំដៅទៅលើការពង្រីកនិងពង្រឹងមូលធនមនុស្ស នៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ទី៤ ផ្ដោតទៅលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ពីព្រោះបរិបទឌីជីថល និងការរីកចម្រើននៃបច្ចេកវិទ្យាAI បានធ្វើឱ្យមានការប្រឈមមុខយ៉ាងខ្លាំង សម្រាប់បញ្ហាដែលពាក់ព័ន្ធទៅនឹងសន្តិសុខព័ត៌មានរបស់ប្រជាពលរដ្ឋ និងសមត្ថភាពព័ត៌មាន របស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងទី៥គឺការកសាងនូវមូលដ្ឋានគតិយុត្ត និងការពង្រឹងការអនុវត្តច្បាប់ ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តទៀតថា ទាំងនេះគឺជាមូលដ្ឋានគ្រឹះ នៃសូចនាករដែលបានដាក់ចេញ ហើយការរៀបចំរចនាសម្ព័ន្ធការងាររបស់ក្រសួងព័ត៌មាន គឺធ្វើយ៉ាងណាឱ្យស្របទៅនឹងសូចនាករនេះ៕