ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះជនអនាមិក បង្កើតហ្វេសប៊ុក ប្រើប្រាស់ព្រះនាម សម្តេចព្រះមហាក្សត្រី

Narith | ថ្ងៃទី 21 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២១ ៥ ២០២៥

ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធចំពោះគណនី Facebook (គ្រប់គ្រងដោយជន អនាមិក) ដែលបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប្រើប្រាស់ព្រះនាមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។ នេះបើតាមលិខិតរបស់ក្រសួងព្រះបរមរាជវាំង នាថ្ងៃទី២១ ខែឧសភា ។ 

ក្រុមជនអនាមិកបានក្លែងបន្លំបង្កើតហ្វេសប៊ុកប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី រួមមាន ៖ Norodom Monineath Sihanouk , Hrh Norodom Monineath Sihanouk និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ខណៈមានវេបសាយតែ២ប៉ុណ្ណោះដែលប្រើប្រាស់ជាផ្លូវការដាក់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី និងព្រះមហាក្សត្រ ។ 
ក្រសួងព្រះបរមរាជវាំង បញ្ជាក់ថា វេបសាយ(website)ចំនួន២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ ហើយប្រើប្រាស់ព្រះនាមព្រះមហាក្សត្រី និងព្រះមហាក្សត្រ គឺ ៖  www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងwww.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។ 

ក្រសួងបន្តថា ក្រៅពីវេបសាយ (website)ផ្លូវការទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ជាផ្លូវការរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងរបស់ក្រសួងព្រះបរមរាជវាំង ឡើយ ។ 
ក្រសួងព្រះបរមរាជវាំង ក៏បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឲ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានកម្ពុជា ៕

ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះជនអនាមិក បង្កើតហ្វេសប៊ុក ប្រើប្រាស់ព្រះនាម សម្តេចព្រះមហាក្សត្រី
ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះជនអនាមិក បង្កើតហ្វេសប៊ុក ប្រើប្រាស់ព្រះនាម សម្តេចព្រះមហាក្សត្រី