វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២១ ៥ ២៥
អន្តរជាតិ៖ នៅថ្ងៃពុធនេះយោធាហ្វីលីពីនបាននិយាយថា ឆ្មាំសមុទ្រហ្វីលីពីន និងសហរដ្ឋអាម៉េរិកបានចូលរួមជាលើកដំបូងក្នុងការធ្វើសមយុទ្ធជើងទឹករួមគ្នាមួយនឹងកងទ័ពអាកាសនៃប្រទេសទាំង២ នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ សមយុទ្ធខាងលើបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី២០ ខែឧសភា នៅក្នុងដែនទឹកនៃខេត្ត Palawan និងខេត្ត Occidental Mindoro ដោយមានការចូលរួមពីកងទ័ពជើងទឹក អាកាស និងឆ្មាំសមុទ្រហ្វីលីពីន រួមជាមួយឆ្មាំសមុទ្រអាម៉េរិក U.S. Coast Guard Cutter Stratto និងយន្ដហោះអាម៉េរិក P-8A Poseidon។ សមយុទ្ធរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន បានធ្វើឡើងក្នុងពេលទីក្រុងម៉ានីល កំពុងមានភាពតានតឹងជាមួយចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងក្នុងបរិបទដែលហ្វីលីពីនកំពុងពង្រឹងទំនាក់ទំនងយោធា ជាមួយបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកតួយ៉ាងដូចជាជប៉ុន និងអូស្ត្រាលីជាដើម៕