វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥
MC. កសិករឈង ចំប៉ា កសិកររស់នៅសង្កាត់ក្របីរៀលបានលើកឡើងថា ការដាំសាលាដអ៉ឺរ៉ុប មានទីផ្សារល្អគ្រប់រដូវកាល តម្លៃសមរម្យ និងបានផ្គត់ផ្គង់ទៅកាន់សមាគមន៍អ្នកដាំបន្លែសៀមរាប ដើម្បីនាំយកបន្លែទាំងនោះ ទៅផ្គត់ផ្គង់តាមសណ្ឋាគារ និងទីផ្សារទំនើបក្នុងខេត្តថែមទៀតផង។
អ្នកស្រី ឈង ចំប៉ា កសិករដាំបន្លែចម្រុះ រស់នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប បានឱ្យដឹងថា ដោយបានកើតក្នុងគ្រួសារកសិករ តាំងពីធំដឹងក្តីមក អ្នកស្រីតែងជួយឪពុកម្តាយ ក្នុងការងារដំាដុះដំណាំរួមផ្សំគ្រប់ប្រភេទ រហូតពេលមានគ្រួសារក៏បន្តការដាំដុះដំណាំបន្លែនេះមកដល់សព្វថ្ងៃ។ បច្ចុប្បន្នអ្នកស្រីកំពុងដាំដុះបន្លែប្រភេទស្លឹកគ្រប់ប្រភេទ និងបន្លែហូបផ្លែមានដូចជា៖ ម្ទេស ប៉េងប៉ោះ និងត្រប់ រួមទាំងបានដាំសាលាដអ៉ឺរ៉ុប ដែលមានឈ្មោះថា សាលាដរ៉ូមេន នៅក្នុងរោងសំណាញ់ចំនួនពីខ្នង មានទំហំ២០គុណ៤០ម៉ែត្រ។ អ្នកស្រីថា រយៈពេលជាង៣ឆ្នាំមកហើយ ដែលសមាជិកក្នុងក្រុមអ្នកស្រីចំនួន១៥នាក់ បានចូលរួមជាមួយអង្គការអាគ្រីស៊ុត ទទួលយកគ្រាប់ពូជ និងបច្ចេកទេស ដើម្បីដាំដុះសាលាដអ៉ឺរ៉ុបលក្ខណៈវិលជុំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតម្លៃសមរម្យគ្រប់រដូវកាល ឱ្យសមាគមអ្នកដាំបន្លែសៀមរាប យកទៅលក់នៅតាមសណ្ឋាគារ និងផ្សារទំនើបនានា។ ខណៈសាលាដអ៉ឺរ៉ុបនេះ មានរសជាតិឆ្ងាញ់ ពេញនិយមទទួលទានខុសគ្នាពីសាលាដធម្មតាដែលធ្លាប់បានដាំដុះកាលពេលមុន។
ជាប្រភេទសាលាដអ៉ឺរ៉ុបឈ្មោះថារ៉ូមេន សាលាដអ៉ឺរ៉ុបដែលខ្ញុំស្គាល់មានបួន ប្រាំឈ្មោះដែរ មានសាលាដរ៉ូមេន មីនីតូ ឡូឡូរ៉ូសា អុកឡេវ។ ខ្ញុំដឹងពីប្រភេទសាលាដនេះ មកពីខាងអង្គការអាគ្រីស៊ុតគាត់ដឹកនាំគ្រាប់ពូជមក។ សាលាដរ៉ូមេននេះ វាមានភាពខុសគ្នាដែរ ត្រង់ថាហូបទៅវាខុសគ្នាពីសាលាដខ្មែរយើង សាលាដខ្មែរយើងមានរសជាតិរាងល្វីងបន្តិច តែសម្រាប់អតិថិជនសព្វថ្ងៃគាត់សូវចំណូលរឿងល្វីងទេ សាលាដខ្មែរយើងតាំងពីដើមមករាងល្វីងបន្តិច នេះអានេះអត់ល្វីងទេលុះត្រាតែចាស់ខ្លំាងបានល្វីង។ ខ្ញុំដាំសាលាដរ៉ូមេននេះប្រហែលជាង៣ឆ្នាំហើយ តែដល់ពេលលក់អត់បានលក់ឱ្យឈ្មួញកណ្តាលទេ ខ្ញុំលក់ឱ្យតែខាងសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប។
សាលាដ ជាដំណាំមួយប្រភេទ ដែលគេអាចដាំបាននៅតំបន់ត្រជាក់បង្គួរ និងអាចដាំលើដីក៏បាន លើទឹកក៏បាន។ បើតាមអ្នកស្រី ឈង ចំប៉ា បញ្ជាក់ថា៖ សាលាដអ៉ឺរ៉ុប ដំណើរការដាំដុះមិនខុសគ្នាពីបន្លែប្រភេទស្ពៃធម្មតាឡើយ ដំបូងត្រូវធ្វើដីឱ្យស្អាត រួចសាបកូនទុកដល់អាយុ២០ថ្ងៃ ទើបអាចយកមកស្ទួងនៅលើរងបាន។ ចំណែកការថែទាំស្រោចទឹក ដាក់ជីមិនខុសពីប្រភេទដំណាំស្ពៃផ្សេងៗឡើយ គ្រាន់តែប្រភេទស្ពៃ ចាប់ពី២៥ទៅ៣០ថ្ងៃអាចប្រមូលផលបាន ប៉ុន្តែសាលាដអាចមានអាយុកាល៤០ថ្ងៃ ទើបអាចប្រមូលផលបាន៕