កែប៖សាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានទទួលថវិកាប្រមាណជាង៨ម៉ឺនដុល្លារអាមេរិក ពីសប្បុរសជន ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ពិធីនេះធ្វើឡើងនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ
តំណាងរាស្រ្តមណ្ឌលខេត្តកែប និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងមានការចូលរួមពីសំណាក់ លោកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ជាច្រើនរយនាក់។
តាមរយៈរបាយការណ៍ស្វាគមន៍ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានឲ្យដឹងថា ដោយមានបេសកកម្មស្របច្បាប់ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ សាខា អនុសាខា នៅតែបានបន្តចូលរួម ដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាព មិនទុកនរណាម្នាក់ចោល មិនមានការរើសអើង សាខា អនុសាខា បានឆ្លើយតបភ្លាមៗទៅនឹងតម្រូវការជាក់ស្ដែងនៅតាម សហគមន៍រងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត។
ក្ន្ងងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានអានសេចក្តីថ្លែងការណ៍របស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានអចិន្រ្តិយ៍ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
បន្ថែមពីនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានចាត់ទុក «ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា» ជាទិវាមួយប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត ពោលគឺថ្ងៃដ៏មានសារៈសំខាន់មួយ ដែលយើងទាំងអស់គ្នារំលឹកដល់ប្រតិបត្តិការ មនុស្សធម៌, សន្តានចិត្តសប្បុរសប្រោសប្រណី និងស្មារតីជួយគ្នាទៅវិញទៅមក ចំពោះពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ និងមិនត្រឹមតែប៉ុណ្ណោះ ទិវានេះ ក៏ជាឱកាសជូនដល់សប្បុរសជនទាំងអស់ បង្ហាញនូវទឹកចិត្តនឹងសមានចិត្តល្អប្រពៃ តាមរយៈការចូលរួមបរិច្ចាគមូលនិធិ ដើម្បីបុព្វហេតុមនុស្សធម៌ និងគុណតម្លៃមនុស្សជាតិផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ចំពោះសមានចិត្ត ទឹកចិត្តប្រពៃថ្លៃថ្លា ក្នុងការចូលរួម បរិច្ចាគថវិកា និងធនធាននានា នាពេលកន្លងទៅ និងអំពាវនាវសូមមេត្តាបន្តវប្បធម៌ សិល្បៈ ចែករំលែកកាយវិការ និងសណ្តានចិត្តដ៏ល្អប្រពៃនេះ ធ្វើការបរិច្ចាគបន្តបន្ថែមទៀត ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកែប មានលទ្ធភាពបំពេញបេសកកម្មមនុស្សធម៌ ទទួលបានជោគជ័យផ្លែផ្កា លើកកម្ពស់គុណតម្លៃ និងសេចក្តីថ្លៃថ្នូរនៃមនុស្សជាតិ៕
អត្ថបទ៖ លោក ង៉ុង សាន់ មន្ទីរព័ត៌មានខេត្តកែប