វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស ៖ សម្រស់កម្ពុជា-ជាំងស៊ូ ត្រូវបានរៀបចំពិធីប្រកាសបើក ជាផ្លូវការ នារាត្រី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ។
កម្មវិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Xu Kunlin អភិបាលខេត្តចាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង មន្ត្រីជាន់ខ្ពស់ មន្ត្រីមកពីក្រសួងស្ថាប័ន និងសាធារណជនចូលរួម យ៉ាងច្រើនកុះករ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ប្រមាណ៨៥ម៉ឺននាក់ កើនឡើង៥៥% ធៀបនឹងឆ្នាំ២០២៣ ហើយសម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ទេសចរចិន មានចំនួន ជាង៣៨ម៉ឺននាក់ កើនឡើងជិត៤៩%។
«ផ្អែកតាមនិន្នាការនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញ បង្កើនភ្ញៀវទេសចរចិន មកទស្សនានៅកម្ពុជា បង្កើនទំនាក់ទំនង ក្នុងវិស័យទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ ព្រមទាំង បន្តជំរុញការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ជាពិសេស ការផ្លាស់ប្តូរ ក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីរួមចំណែកដល់ការសម្រេចបាន នូវបំណងប្រាថ្នា ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន»។
ឯកឧត្តមបានបន្តថា ដើម្បីអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ឲ្យមានប្រសិទ្ធភាព ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗ ជាបន្តបន្ទាប់ រួមមានទាំង ពិធីបុណ្យតន្ត្រីទេសចរណ៍អន្តរជាតិកម្ពុជា-ចិន អមដោយព្រឹត្តិការណ៍បង្ហាញតន្ត្រីចម្រុះកម្ពុជា-ចិន, មហោស្រពសិល្បៈ តាមដងផ្លូវអន្តរជាតិកម្ពុជា-ចិន មានដូចជា ល្ខោនបាសាក់កម្ពុជា-ហ៊ីចិន, មហោស្រពក្បាច់គុណចម្រុះកម្ពុជាចិន, ព្រឹត្តិការណ៍ផ្សព្វផ្សាយកាទូតទេសចរណ៍ម្ហូបអាហារកម្ពុជាចិន សន្និសីទទេសចរណ៍អន្តរជាតិកម្ពុជាចិន ព្រមទាំងកម្មវិធី មួយចំនួនទៀត។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ថា ចិនគឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ហើយចិនក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ ប្រទេសទាំងពីរបានឯកភាពគ្នា ជំរុញឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ លើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងវិស័យឧស្សាហកម្ម ប្រកបដោយសុវត្ថិភាព ស្ថិរភាព តាមរយៈការពន្លឿនការកសាងច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ក៏កំពុងផ្តល់លក្ខខណ្ឌ អំណោយផលដល់ការនាំចេញកសិផលកម្ពុជា ដែលមានគុណភាពខ្ពស់ ដូចជា ចេក ស្វាយ មៀន និង ទុរេន ជាដើម ទៅកាន់ប្រទេសចិនផងដែរ។
ឯកឧត្តមបានឲ្យដឹងផងដែរថា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ត្រូវបានប្រកាសក្នុងពេលដែលទំនាក់ទំនងកម្ពុជានិងចិនត្រូវបានពង្រឹងនិងពង្រីក កាន់តែខ្លាំងក្លា ក្នុងក្របខណ្ឌភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងប្រទេសទាំងពីរ ជាពិសេស បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិននៅកម្ពុជា ប្រកបដោយផ្លែផ្កា កាលពីខែមេសា កន្លងទៅ ដែលបានបន្ថែមសន្ទុះថ្មីទៀត ដល់ការកសាងសហគមន៍វាសនារួមកម្ពុជាចិន គ្រប់រដូវកាល ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
សំឡេង៖ «មិត្តចិនមិនត្រឹមតែចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថែមទាំងជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ»។
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តម Xu Kunlin អភិបាលខេត្តចាំងស៊ូ ក៏បានអញ្ជើញថ្លែងសុន្ទរកថា ដោយចាត់ទុកព្រឹត្តិការណ៍នេះ គឺជាការជំរុញផ្លាស់ប្តូរភ្ញៀវទេសចរឱ្យមកកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតចិនបានស្វាគមន៍ ក្រុមភ្ញៀវទេសចរចិនចំនួន១ ០០០នាក់ដំបូង ដែលធ្វើដំណើរមកកម្ពុជា សម្រាប់កម្មវិធី«ឆ្នាំទេសចរណ៍ចិន-កម្ពុជា» ដែលរៀបចំឡើងដោយក្រុមហ៊ុនចិន China Travel Service៕