វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ ៥ ២៥
អន្តរជាតិ៖ កាលពីថ្ងៃសុក្រលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក Friedrich Merz អធិការបតីអាល្លឺម៉ង់បានពិភាក្សាតាមទូរស័ព្ទ ដោយបានសង្កត់ធ្ងន់លើតម្រូវការក្នុងការការពារទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងជាមួយអឺរ៉ុប ក្នុងពេលមានភាពចលាចលដែលបង្កឡើងដោយគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា លោក ស៊ី បានអំពាវនាវឱ្យបើកទំព័រថ្មីក្នុងភាពជាដៃគូយុទ្ធសាស្ត្រចិន-អាល្លឺម៉ង់ ដើម្បីរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក ខណៈលោក Merz ក៏បានសង្កត់ធ្ងន់លើ "ការប្រកួតប្រជែងដោយយុត្តិធម៌"។ កិច្ចសន្ទនានេះបានធ្វើឡើង ក្នុងពេលអាល្លឺម៉ង់បានចាត់ទុកចិនជាគូប្រជែង និងជាដៃគូពាណិជ្ជកម្មដ៏ធំ ស្របពេលដែលសហភាពអឺរ៉ុបកំពុងអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យពឹងផ្អែកលើចិន។ គួរបញ្ជាក់ថា ការពិភាក្សារវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ បានបញ្ជាក់ពីកិច្ចប្រឹងប្រែងដើម្បីបង្កើតការទប់ទល់នឹងផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្មឯកតោភាគី និងជំរុញស្ថិរភាពសេដ្ឋកិច្ចសកល៕