វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ព្រមទាំង មន្ត្រីពាក់ព័ន្ធបានអញ្ជើញទស្សនាការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នាកម្ពុជា-ចិន ព្រមទាំងដើរទស្សនា ស្តង់លក់ផលិតផលផ្សេងៗ និងទស្សនាការសម្ដែងចាប៉ីខ្មែរនៅបណ្តោយផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ ។
វត្តមានរបស់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកអគ្គរដ្ឋទូតចិននេះ ទទួលបានការពេញចិត្តនិងស្វាគមន៍ យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការផ្ដល់កិត្តិយសថតរូបអនុស្សាវរីយ៍ ជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។
ប្រជាពលរដ្ឋដែលបានចូលរួមដើរកម្សាន្តនាឱកាសនោះបានបង្ហាញការពេញចិត្តចំពោះចំណងមិត្តភាព កម្ពុជា និងចិន ហើយសង្ឃឹមថា ឆ្នាំនេះ ភ្ញៀវទេសចរចិននឹងមកទស្សនាកម្ពុជាកាន់តែច្រើន ព្រោះកម្ពុជា សម្បូរទៅដោយសក្តានុពលទេសចរណ៍ និងជាប្រទេសមានសុខសន្តិភាពពេញលេញ។
លោកឃុន ហុង មានវ័យ៨២ឆ្នាំរស់នៅរាជធានីភ្នំពេញបានអរគុណចំពោះថ្នាក់ដឹកនាំកម្ពុជា និងចិន ដែលបង្កើតឱ្យមានការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន អមជាមួយការបង្កើតជាតំបន់ ផ្លូវថ្មើរជើងដើម្បីបម្រើដល់វិស័យទេសចរណ៍នៅរាជធានីភ្នំពេញ។
សំឡេង៖ «ការរៀបចំអ៊ីចឹងល្អដើម្បីភ្ញៀវទេសចរបានដឹង ។ ខ្ញុំសូមផ្តាំថា សូមភ្ញៀវទេសចរចិនមកលេង អង្គរវត្ត មកលេងរាជធានីភ្នំពេញ ព្រោះមាត់ទន្លេសប្បាយណាស់! ហើយសង្ឃឹមថាភ្ញៀវទេសចរកម្ពុជា និងចិននឹងផ្លាស់ប្ដូរទៅលេងគ្នាទៅវិញទៅមកដើម្បីស្វែងយល់ពីប្រពៃណីវប្បធម៌គ្នា។ ហើយសូមជូនពរចំណងមិត្តភាព និងប្រជាជនប្រទេសទាំងពីរជួបតែសេចក្តីសុខ ប្រកបដោយសន្តិភាព ទាំងអស់គ្នា»។
ក្នុងឱកាសនោះដែរ លោកសូ ម៉ាន់ ជាប្រជាពលរដ្ឋបានបង្ហាញការពេញចិត្តចំពោះការរៀបចំ ព្រឹត្តិការណ៍ថ្មីៗ ដើម្បីបម្រើដល់វិស័យទេសចរណ៍៖
សំឡេង៖« បើសម្រាប់ខ្ញុំ ទំនាក់ទំនងកម្ពុជាចិនកាន់តែល្អប្រសើរជាងហ្នឹងទៅទៀត ពេលដែលយើង រៀបចំព្រឹត្តិការណ៍នេះឡើង ហើយសង្ឃឹមថាមានភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន។
ស្រដៀងគ្នានេះដែរ កញ្ញា ចាយ រង្សី តារាសម្តែងមួយរូបដែលបានចូលរួមទស្សនានៅក្នុងឱកាសនោះ បានគាំទ្រដល់ការរៀបចំឱ្យមានកន្លែងកម្សាន្ត និងកម្មវិធីផ្សេងៗដើម្បីទាក់ទាញភ្ញៀវទេសចរ៖
« ខ្ញុំមានអារម្មណ៍ប្លែកមែនទែន ព្រោះមានការរៀបចំល្អប្លែកៗ ហើយឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនមកទស្សនាកម្សាន្ត ។ ហើយចង់ឱ្យភ្ញៀវបរទេសទាំងអស់មកលេងកម្ពុជា ព្រោះប្រជាជន កម្ពុជា ទាំងស្មោះត្រង់រួសរាយ ។ និយាយទៅចង់ឱ្យមកលេងផ្ទាល់កុំឱ្យ់ឮតែគេថា ។ ហើយឆ្នាំផ្លាស់ប្ដូរ ទេសចរនេះឱ្យប្រជាជនចិនមកលេងកម្ពុជាកាន់តែច្រើន។ »
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបាន ភ្ញៀវទេសចរចិន ប្រមាណ៨៥ម៉ឺននាក់ កើនឡើង៥៥% ធៀបនឹងឆ្នាំ២០២៣ ហើយសម្រាប់រយៈពេល ៤ខែ ដើមឆ្នាំ២០២៥នេះ ទេសចរចិន មានចំនួន ជាង៣៨ម៉ឺននាក់ កើនឡើងជិត៤៩%៕