កម្ពុជា-ខេត្តជាំងស៊ូរបស់ចិន​ពង្រឹងកិច្ចសហការលើវិស័យទេសចរណ៍

Narith | ថ្ងៃទី 25 ខែ ឧសភា ឆ្នាំ 2025

ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានចេញផ្សាយថា ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ និង ឯកឧត្តមអភិបាលខេត្តជាំងស៊ូ XU Kulin បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាសក្ខីភាព នៃការចុះ អនុស្សរណៈនៃការយោគយល់គ្នាចំនួន ៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
ប្រភពថា នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម XU Kulin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ និងរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ចំនួន ៤៤រូប នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមអភិបាលខេត្ត ក៏បាន ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាសក្ខីភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៦ ដូចខាងក្រោម៖
១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមន្ទីរទេសចរណ៍  ខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ
២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមន្ទីរទេសចរណ៍   ខេត្តព្រះសីហនុ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ
៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការមិត្តភាព និងការផ្លាស់ប្តូរការសិក្សា រវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចណានជីង
៤. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន CaHengInternational Cultural Tourism Investment Co., Ltd និងក្រុមហ៊ុន Jiangsu Performing Arts Group Co., Ltd
៥. អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Tuniu Corp   និង
៦. អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Nanjing Niushou Mountain Cultural Tourism Group Co., Ltd៕

កម្ពុជា-ខេត្តជាំងស៊ូរបស់ចិន​ពង្រឹងកិច្ចសហការលើវិស័យទេសចរណ៍