ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកគោគូរព្ហានដល់សាសនិកឥស្លាម និងបាននាំយកគោចំនួន៦០ក្បាលដែលជាជំនួយរបស់អង្គការ ពន្លឺអនាគតសម្រាប់ធនធានមនុស្សកម្ពុជា ចែកជូនកាលពីព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៥ នៅវិហារអ៉ីស្លាមអាក់ហ្សំ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ដែលមានការអញ្ជើញចូលរួម ពីតំណាង ថ្នាក់ដឹកនាំខេត្តបាត់ដំបង និង ខេត្តពោធិ៍សាត់ អង្គការផ្តល់ជំនួយ និង អាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត។
លោក សុហ្វយ៉ាន តំណាងអង្គការពន្លឺអនាគតសម្រាប់ធនធានមនុស្សជនបទកម្ពុជា ហៅកាត់ជាភាសារអង្គលេស L.H.R មានថ្លែងថា៖ ជារៀងរាល់ឆ្នាំក្រោមជំនួយគាំទ្រពីសមាគម Yayasan Ar-Raudhah នៃប្រទេសម៉ាឡេស៊ី អង្គការ L.H.R បានសម្របសម្រួលចែកគោគូរច្ឆាន នៅតាមបណ្តាខេត្ត ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តបាត់ដំបង ក៏ជា តំបន់គោលដៅរបស់យើងផងដែរ។ ដោយឡែកឆ្នាំនេះ យើងបានប្រារពពិធីចែកនេះចំនួនពីរកន្លែង គឺនៅខេត្ត ពោធិ៍សាត់ យើងបានធ្វើរួចរាល់ហើយកាលពីថ្ងៃទី ១៧ ខែឧសភា ២០២៥ ហើយនៅថ្ងៃនេះយើងក៏បានប្រារពធ្វើ ម្តងទៀត ដែលមានការរៀបចំដោយគណៈអីម៉ាំខេត្តបាត់ដំបង និងគាំទ្រដោយអង្គការ L.H.R ផ្ទាល់តែម្តង។
នាឱកាសនោះ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរអ៉ីស្លាមជាង៣០០នាក់ និងលើកទឹកចិត្តដល់បងប្អូនខ្មែរអ៉ីស្លាម ចេះស្រឡាញ់គ្នា សាមគ្គីគ្នា គោរពច្បាប់ ស្របតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំនៃកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។ ឯកឧត្តម ម៉ន គ្រីយ៉ា មានប្រសាសន៍រលឹកឡើងថា ពិធីចែកគោគូរព្ហាន ក្រោមជំនួយរបស់អង្គការពន្លឺអនាគតសម្រាប់ធនធានមនុស្សជនបទកម្ពុជា ផ្តល់ជូនមកកាន់ខេត្តបាត់ដំបងមានចំនួន១០០ក្បាល ប៉ុន្តែដោយបានចែកជូនបងប្អូនយើង៤០ក្បាលម្តងហើយនៅ ខេត្តពោធិ៍សាត់ ហើយពេលនេះធ្វើការចែកជូនចំនួន៦០ក្បាលបន្ថែមទៀត។
សូមបញ្ជាក់ថា ថ្ងៃនេះគឺមានការចូលរួមទទួពីបណ្តាហាកឹម ឬតំណាងហាកឹម ចំនួន ១៣ ស៊ូរ៉ាវ/ម៉ាស្អិត ដោយក្នុងខេត្តបាត់ដំបងទាំងមូល ដោយបានធ្វើការបែងចែកទៅតាមបណ្តា ស៊ូរ៉ាវ ម៉ាស្អិត និងទីតាំងប្រមូលផ្តុំខ្លះសរុបទាំងអស់គឺ ៣២ កន្លែង ក៏ប៉ុន្តែសម្រាប់ស្រុកមោងឬស្សី និងស្រុករុក្ខគិរី គឺបានអញ្ជើញ គាត់ចូលរួមក្នុងពិធីចែកនៅខេត្តពោធិ៍សាត់រួចរាល់ហើយ។ ដូច្នេះ ចំនួនគោដែលបានគ្រោងចែកនៅ ទូទាំងខេត្តបាត់ដំបងនេះតែម្តងគឺមាន ១០០ក្បាល (បូកទាំងស្រុកមោងឬស្សី និងរុក្ខគិរីដែលបានចូលរួមទៅខាងខេត្ត ពោធិ៍សាត់រួចរាល់ផងដែរ)៕
អត្ថបទ ហ៊ាន វាសនា មន្ទីរព័ត៌មានខេត្តបាត់ដំបង