វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ ៥ ២៥
អន្តរជាតិ៖ នាយករដ្ឋមន្ត្រីកាតា និង រដ្ឋមន្ត្រីការបរទេសបាននិយាយថា កិច្ចចរចាដោះស្រាយតំបន់ហ្គាហ្សាដោយប្រយោលរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលគឺស្ថិតក្នុងភាពជាប់គាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានបន្តថា "យើងកំពុងព្យាយាមស្វែងរកដំណោះស្រាយមួយចំនួនចំពោះជម្លោះ ប៉ុន្តែវាមិនមានលទ្ធផលអ្វីនោះទេ។ ទោះបីជាយើងអាចពិភាក្សាជាមួយក្រុមហាម៉ាស ក្នុងការទទួលយកផែនការដំណាក់កាលសម្រាប់ការដោះស្រាយវិបត្តិ យន្តការសម្រាប់ការត្រួតពិនិត្យដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីធានាថាការពិភាក្សាស្តីពីការបញ្ចប់សង្រ្គាមត្រូវបានធ្វើឡើងក្នុងរយៈពេលកំណត់"។ យោងតាមមន្ត្រីជាន់ខ្ពស់កាតា កិច្ចពិភាក្សាក្នុងតំបន់ Doha ស្តីពីតំបន់ហ្គាហ្សាស្ទ្រីប បានបង្ហាញថា អ៊ីស្រាអែលចង់បានកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងរបស់ខ្លួន ខណៈក្រុមហាម៉ាស់ទទូចចង់បញ្ចប់សង្រ្គាម។ គួរបញ្ចាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Steven Witkoff បេសកជនប្រធានាធិបតីអាមេរិកថា អ៊ីស្រាអែលនឹងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសកាតា។ ប៉ុន្តែនៅថ្ងៃទី ២២ ខែឧសភា ប៉ុស្តិ៍ទូរទស្សន៍របស់អេហ្ស៊ីបបាននិយាយថា អ៊ីស្រាអែលបានកោះហៅគណៈប្រតិភូរបស់ខ្លួនពីទីក្រុងកាតា ត្រឡប់មកវិញ៕