វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ ៥ ២៥
អន្តរជាតិ៖ នាថ្ងៃទី២៥ ឧសភា លោក Emmanuel Macron ប្រធានាធិបតីបារាំង និងភរិយា បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរហូតដល់ថ្ងៃទី២៧ ឧសភា តបតាមការអញ្ជើញរបស់សមភាគីវៀតណាម លោក Luong Cuong។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ការអមដំណើររបស់លោកប្រធានាធិបតី Macron រួមមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធ, រដ្ឋមន្ត្រីក្រសួងវប្បធម៌, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង និងដៃគូអន្តរជាតិ នឹងមន្ត្រីការបរទេសបារាំងប្រចាំនៅវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សាលើវិស័យជាច្រើន និងគម្រោងជាក់ស្តែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាអាទិភាព ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ សន្តិសុខ នវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ បណ្តុះបណ្តាល និងការថែទាំសុខភាព។ កិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីដែលរំពឹងថានឹងចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចនេះនឹងបង្កើតសន្ទុះបន្ថែមទៀត និងជាមូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងប៉ុន្មានឆ្នាំខាងមុខ។ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាមបានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី Macron មានអត្ថន័យធំធេងណាស់សម្រាប់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ៕