វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ៥ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តដល់សមាគមពាណិជ្ជករហ៊ូប៉ីឈូ បន្តចែករំលែកនូវបទពិសោធន៍ជោគជ័យរបស់ ក្រុមហ៊ុនមកពីខេត្តហ៊ូប៉ី ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា។
ក្នុងពិធីសម្ពោធជាផ្លូវការសមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះសមាគមពាណិជ្ជករហ៊ូប៉ីឈូរនៅកម្ពុជា ដែលបានធ្វើការសម្ពោធជាផ្លូវការនេះ ហើយសមាគមនេះនឹងមានបេសកកម្មរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកៀរគរធុរជន និងវិនិយោគិនមកពីខេត្តហ៊ូប៉ី ក៏ដូចជាខេត្តផ្សេងៗទៀតនៃសាធារណរដ្ឋប្រជាមានិតចិនឱ្យមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងពីចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ហើយដែលបច្ចុប្បន្ន កម្ពុជា-ចិន បានឈានដល់កម្រិតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ ដែលជាក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្រិតកំពូលមួយ។ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនអង្គពិធីពីស្ថានភាពល្អប្រសើរនៃការវិនិយោគនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥។
ឯកឧត្តមអគ្គលេខាធិការក៏បានចែករំលែកនូវចំណុចគន្លឹះមួយចំនួនដែលធ្វើឱ្យកម្ពុជាបានក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ព្រមទាំងត្រូវបានអង្គភាព FDI Intelligence នៃកាសែត Financial Times ដាក់ពិន្ទុជា “គោលដៅវិនិយោគផ្ទាល់បរទេសឈានមុខក្នុងឆ្នាំ២០២៤” ក្នុងចំណោមប្រទេសនាំមុខ៥០លើសកលលោក ដែលមានទស្សនវិស័យវិនិយោគផ្ទាល់ពីបរទេសដ៏ស្វាហាប់ ដូចជា ការបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា, ភាពសម្បូរពលកម្មវ័យក្មេងនិងមានជំនាញ,ទីតាំងយុទ្ធសាស្រ្តស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គនិងតំបន់អាស៊ីអាគ្នេយ៍, សក្តានុពលក្នុងការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី, ការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលក្នុងគ្រាមានវិបត្តិ និងយន្តការកិច្ចសន្ទនាដ៏មានប្រសិទ្ធភាពរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន, ការបន្តពង្រីកនិងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, និងការបន្តដាក់ចេញនូវវិធានការគាំទ្រផ្សេងៗសំដៅធ្វើការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ច។
ឯកឧត្តម អគ្គលេខាធិការ បានលើកទឹកចិត្តដល់សមាគមក្នុងការបន្តចែករំលែកនូវបទពិសោធន៍ជោគជ័យរបស់បណ្តាក្រុមហ៊ុនមកខេត្តហ៊ូប៉ីដែលបានវិនិយោគនៅកម្ពុជាកន្លងមកឱ្យបានទូលំទូលាយ ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជាដែលពោរពេញទៅដោយថាមវន្ត និងភាពប្រកួតប្រជែងខ្ពស់។ ឯកឧត្តមអគ្គលេខាធិការបានអំពាវនាវដល់វិនិយោគិនចិនដទៃទៀតដែលមិនទាន់មកកម្ពុជា សូមអញ្ជើញមកកម្ពុជាដើម្បីសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្ត ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតនៃប្រទេសទាំងពីរ កម្ពុជា-ចិន៕