តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានធ្វើការអំពាវនាវដល់លោក លោកស្រី ម្ចាស់រោងចក្រសហគ្រាស រួមនឹងសប្បុរសជននានា ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ បន្តចូលរួមបរិច្ចាកថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីសាខាបន្តការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ។
ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ដែលពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវ លោកនាយកប្រតិបត្តិសាខា មន្ត្រី និងអនុសាខាក្រុង-ស្រុកទាំង១០ រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថាកាកបាទក្រហមកម្ពុជាគឺជាអង្គការក្រៅរាជរដ្ឋាភិបាលដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលធ្វើកិច្ចការលើការងារមនុស្សធម៌ និងលើកកម្ពស់ការងារសុខភាព អនាម័យ បរិស្ថាននៅតាមសហគមន៍ ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយអ្វីឡើយ ពោលទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ដូច្នេះដើម្បីចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាខេត្តតាកែវ សូមឯកឧត្តម លោកជំទាវ ឧកញ៉ា រោងចក្រសហគ្រាស សប្បុរសជនជិតឆ្ងាយទាំងអស់ បន្តបរិច្ចាគថវិកា និងសម្ភារៈផ្ទាល់ខ្លួន ក្នុងការជួយដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលកំពុងជួបការលំបាកនៅក្នុងខេត្តតាកែវ។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក កងកម្លាំង មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ និងស្វែងរកទីទួលមានសុវត្ថិភាព ដើម្បីត្រៀមលក្ខណៈបង្ការ និងជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់បានទាន់ពេលវេលា ជាមួយគ្នានោះក៏ត្រូវបន្តធ្វើសកម្មភាពមនុស្សធម៌នៅតាមមូលដ្ឋានឱ្យបានខ្លាំងក្លាបន្ថែមទៀត ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់ពួកគាត់ផងដែរ៕