វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៦ ០៥ ២៥
កំពត៖ ខេត្តកំពត បានសម្រេចការបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល (ODF) នៅទូទាំងខេត្តទាំងស្រុងហើយ ដោយខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ស្មើនឹង ១០០ភាគរយ។
ថ្លែងក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកំពតជាខេត្តទី២១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបរិវេណរមណីយដ្ឋានស្រះឈូក ខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា នៅក្នុងខេត្តកំពត ចែកចេញជា ៩ ក្រុង-ស្រុក, ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ មានប្រជាពលរដ្ឋសរុប ៧០៩ ៣៧៥នាក់ ស្មើនឹង ១៦៥ ៩៨៥គ្រួសារ ក្នុងនោះខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ស្មើនឹង ១០០% ដែលខ្នងផ្ទះមានបង្គន់អនាម័យផ្ទាល់ខ្លួន មានចំនួន ១៤៩ ៤៥៨ខ្នងផ្ទះ ស្មើនឹង ៩៤,៣៧%, ខ្នងផ្ទះប្រើបង្គន់អនាម័យរួម មានចំនួន ៨ ៩១១ខ្នងផ្ទះ ស្មើនឹង ៥,៦៣%ដែលធ្វើឱ្យស្ថានភាពក្រុង ស្រុក, ឃុំ សង្កាត់ និងភូមិ សម្រេចបានការបញ្ចប់ការបន្ទោបង់ពាលវាលពាលកាលនៅទូទាំងខេត្ត។
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី របស់អង្គការភ្លែនអន្តរជាតិ និងជាតំណាងអង្គការដៃគូអភិវឌ្ឍន៍វិស័យផ្គង់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការភ្លែនអន្តរជាតិ និងអង្គការដៃគូនានា ក្នុងកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងចូលរួមយ៉ាងសកម្មជួយអភិវឌ្ឍខេត្តកំពតលើការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ រហូតធ្វើឱ្យខេត្តទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាថ្ងៃនេះ។
ក្នុងឱកាសនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ការផ្លាស់ប្ដូរទម្លាប់ និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព, ផ្លាស់ប្ដូរពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយបរិស្ថានល្អ មានភាពស៊ីវិល័យ។
ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពិធីអំពីកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងចក្ខុវិស័យច្បាស់លាស់របស់ក្រសួងក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យជនបទ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្ដចូលរួមរក្សាឱ្យបាននូវនិរន្ដរភាពជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល សូមឱ្យបន្តចូលរួមយ៉ាងសកម្ម និងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយបន្តយកចិត្តទុកដាក់គាំទ្រដល់ប្រជាពលរដ្ឋនៅតាមភូមិដាច់ស្រយាល និងជនងាយរងគ្រោះនានា ដើម្បីឱ្យពួកគាត់មានលទ្ធភាពពេញលេញក្នុងការទទួលបានសេវាទឹកស្អាត ការសម្អាត និងអនាម័យជនបទគ្រប់ៗគ្នា៕