ប្រជាពលរដ្ឋ បង្ហាញចំណាប់អារម្មណ៍ពេញចិត្ត លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ

Narith | ថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2025

 

 

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៦ ០៥​ ២០២៥)

 

ភ្នំពេញ៖ មុនដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន  ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បាននាំគ្នាបង្ហោះសារ និងឃ្លីបវីដេអូខ្លីៗជាច្រើនហូរហែនៅលើបណ្តាញសង្គមនានា ដែលបានបង្ហាញនូវការគាំទ្រ និងពេញចិត្ត លើវឌ្ឍនភាពថ្មីៗនេះរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភាពប៉ិនប្រសពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈគម្រោងអភិវឌ្ឍជាច្រើន និងការដោះស្រាយនូវបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ ជាពិសេសការដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧តែម្តង ។

 

 លោក លឹម សុភ័ណ្ឌ ប្រជាពលរដ្ឋរស់នៅក្រុងព្រះវិហារ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា លោកពិតជាមានមោទនភាពបំផុត ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដោយសារតែក្នុងរយៈពេលមិនដល់២ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចធិបតី អ្វីដែលប្រជាពលរដ្ឋទទួលបានដំបូងគេ គឺសុខសន្តិភាព និងការអភិវឌ្ឍ បូករួមការលើកកម្ពស់កិត្យានុភាពលើឆាកអន្តរជាតិ ។

សំឡេង "ជាក់ស្តែងយើងពិនិត្យឃើញថា រាល់សមិទ្ធផលដែលកើតចេញពីការអភិវិឌ្ឍទាំងនេះ គឺមិនអាចកាត់ផ្តាច់បានពីការរក្សានូវសុខសន្តិភាពនោះទេ អ្វីដែលខ្ញុំមើលឃើញមួយទៀតនោះ គឺការដាក់ចេញនូវគោលនយោបាយបញ្ចកោណ ដែលជាគោលនយោបាយធំជាអទិភាព ដែលប្រជាពលរដ្ឋ និងក្នុងនាមជាមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ពិតជាគាំទ្រយ៉ាងសប្បាយ បូករួមទាំងការដាក់ចេញគោលនយោបាយធំៗទាំង៧ចំណុចនេះ ខ្ញុំពិតជាមានជំនឿជាក់ លើការដឹកនាំរបស់សម្តេចបវរធិបតី ។ មួយទៀតនោះ ក្នុងនាមជាប្រជាពលរដ្ឋ រយៈពេលកន្លងមកដែលសម្តេចធិបតី ដឹកនាំមកនេះ គឺមានការអភិវឌ្ឍទៅលើទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងវិស័យអប់រំ ទាំងវិស័យអាទិភាពធំៗ" ។ 

 

ជាមួយគ្នានេះ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានលើកឡើងក្នុងនាមប្រជាពលរដ្ឋមួយរូប ដែលរស់នៅខេត្តដាច់ស្រយាលមួយ ពីរាជធានីភ្នំពេញថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្រោយពីសម្តេចបានឡើងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនស្ទើរគ្រប់វិស័យ និយាយដោយឡែកខេត្តព្រះវិហារផ្ទាល់ មានការរីកចម្រើនទៅលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ក្នុងការលើកកម្ពស់លើវិស័យអប់រំ គួរឱ្យកត់សម្គាល់ ។

 "ធនធានមនុស្សគឺជំរុញខ្លាំង ហើយជាពិសេសគឺការងារវិស័យកសិកម្ម ខេត្តព្រះវិហារជាខេត្តមួយ ដែលមានសក្តានុពលក្នុងវិស័យកសិកម្ម ទី១នោះ គឺខេត្តព្រះវិហារមានស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ និងស្វាយចន្ទីសរីរាង្គ ហើយតែងតែយកពីខេត្តទៅលក់នៅក្រៅប្រទេស កន្លងមក ។ ក្នុងនីតិកាលទី៧ ដែលសម្តេចលោកធ្វើជានាយករដ្ឋមន្ត្រី លោកតែងខិតខំប្រឹងប្រែងយកអស់ប្រាជ្ញាស្មារតីរបស់លោក ជំរុញលើកទឹកចិត្ត ដល់បណ្តារាជធានីខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបង្កបង្កើនផល ទៅលើវិស័យកសិកម្ម" ៕

ប្រជាពលរដ្ឋ បង្ហាញចំណាប់អារម្មណ៍ពេញចិត្ត លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ
ប្រជាពលរដ្ឋ បង្ហាញចំណាប់អារម្មណ៍ពេញចិត្ត លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ