វិទ្យុជាតិកម្ពុជា ឈួន សំអាត ២៦-០៥-២០២៥
ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) បានអញ្ជើញរួមដំណើរជាមួយគណៈប្រតិភូរដ្ឋសភាដឹកនាំដោយ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ា របស់រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំផ្ទៃក្នុងរបស់សភាសមាជិកអាយប៉ា មុននឹងចូលរួមកិច្ចប្រជុំរួមគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និង ប្រមុខដឹកនាំអាស៊ាន ដើម្បីពិភាក្សាលើសេចក្តីព្រាងសាររបស់អាយប៉ា ដែលឆ្លុះបញ្ចាំងលើប្រធានបទ «បរិយាបន្នភាពនិងនិរន្តរភាព» នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងជាប្រធានមហាសន្និបាតអាយប៉ា លើកទី៤៦ នៅវិមានរដ្ឋសភា នៃសហព័ន្ធម៉ាឡេស៊ី។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានឧទ្ទេសនាម ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ជាបេក្ខភាពអគ្គលេខាធិការអាយប៉ា សម្រាប់អាណត្តិ ២០២៥-២០២៨ ដោយបានទទួលការអបអរសាទរ ពីថ្នាក់ដឹកនាំអាយប៉ាទាំងអស់។
ក្រោយពីកិច្ចប្រជុំផ្ទៃក្នុងនេះ ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា រួមជាមួយថ្នាក់ដឹកកម្ពុជា បានអញ្ជើញអម ឯកឧត្ដម អនុប្រធានទី១រដ្ឋសភា ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្ដម Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៦ និងលោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។
សូមជម្រាបជូនថា ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអាយប៉ាបច្ចុប្បន្នសម្រាប់អាណត្តិឆ្នាំ ២០២២-២០២៥ផងដែរ៕