`វិទ្យុជាតិកម្ពុជា លោកគឹមហឿនស្ទឹងត្រែង ថ្ងៃទី២៦ឧសភា២០២៥
ខេត្តស្ទឹងត្រែង -នៅ ឆ្នាំ២០២៥ នេះ ត្រីប៉ាសេអ៊ីមិនសូវសម្បូរទេ នេះជាសញ្ញាមួយបង្ហាញថាប្រភេទត្រីល្បីឈ្មោះនេះប្រឈមនឹងការផុតពូជប្រសិនគ្មានការអភិរក្សឱ្យដិតដល់ ។ ករណីនេះមន្ត្រីជំនាញផ្នែកបច្ចេកទេស បានរៀបចំភ្ញាស់ប្រភេទត្រីប៉ាសេអ៊ីនេះ នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វមេគង្គលើ។
ក្នុងឱកាសចុះពិនិត្យស្រះទឹកនិងអាងសម្រាប់ភ្ញាស់ពូជត្រីប៉ាសេអ៊ីនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វមេគង្គលើនៅចំណុចអូរខ្លុង ភូមិឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែង ថ្ងៃទី២៥ ខែឧសភា លោកប្រាក់ទិតប្រធានមជ្ឈមណ្ឌលនេះ បានទទួលស្គាល់ថា៖ការថយចុះនិងឈានទៅបាត់បង់ត្រីប៉ាសេអ៊ីដោយសារកត្តាធម្មជាតិ-កត្តាមនុស្ស-និងការអភិវឌ្ឍផងដែរ តែការហិនហោចជាងគេ គឺការប្រើឧបករណ៍ឆក់របស់ជនខិលខូចលួចធ្វើនេសាទក្នុងរដូវត្រីពងនេះ។
លោកបន្តថា៖ចំពោះការអភិរក្សមន្ត្រីខណ្ឌរដ្ឋបាលជលផលរួមនឹងសមត្ថកិច្ចពាក់ព័ន្ធបានប្រឹងប្រែងហើយចំណែកនៅមជ្ឈមណ្ឌលស្រាវជ្រាវបានប្រមូលពូជយកមកផ្សាំនិងតាមដាននូវភាពធំធាត់របស់វា ពេលមានពងយើងនឹងភ្ញាស់កូនឱ្យបានច្រើន។
(សំឡេង)សម្រាប់មជ្ឈមណ្ឌលត្រីប៉ាស៊ីអ៊ីនេះយើងបានប្រមូលពូជមួយចំនួនដើម្បីយកមកថែម ដាក់នៅក្នុងស្រះ អីចឹង យើងនឹងធ្វើការតាមដានទាក់ទងនឹងការវិវត្តកន្សោមពងរបស់ត្រីប៉ាស៊ីអ៊ី ចំណុចសំខាន់គឺយើងត្រូវការប្រមូលពូជយកមកផ្សាំទុកសិន ដើម្បីបន្សាំវាពីធម្មជាតិឱ្យនៅក្នុងមជ្ឈដ្ឋានស្រះដល់ពេលវាមានការលូតលាស់ធំធាត់ និងវាមានការវិវត្តកន្សោមពងផង ថ្ងៃអនាគតទៅមជ្ឈមណ្ឌលមានផែនការនិងផលិតបង្កាត់ភ្ញាស់លើពូជប្រភេទត្រី ដែលមានតម្លៃសេដ្ឋកិច្ច និយាយឱ្យចំថាត្រីប៉ាស៊ីអ៊ីនេះ។
លោកងិនលីម អ្នកចិញ្ចឹមត្រីនៅភូមិព្រៃចាស់ឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងបានលើកឡើងថា៖នៅឆ្នាំ២០២៥នេះ ត្រីប៉ាសេអ៊ីហាក់ដូចជាបាត់បង់ទៅៗ ហើយអ្នកនេសាទពុំសូវចាប់បានត្រីដ៏ល្បីឈ្មោះនិងមានឱជារសឆ្ងាញ់នេះយកមកលក់នៅលើទីផ្សារច្រើនទេ។
លោកបន្តថា៖ប្រភេទត្រីប៉ាសេអ៊ីមិនទាន់មានក្រុមអ្នកជំនាញណា ចុះមកសិក្សាស្រាវជ្រាវឱ្យដឹងពីមូលហេតុច្បាស់លាស់នៃការថយចុះ ដែលជាការព្រួយបារម្ភមួយ ព្រោះខ្លាចវាផុតពូជដូចត្រីកម្រផ្សេងទៀតហើយបច្ចុប្បន្នកសិករភាគច្រើនចិញ្ចឹមបានតែត្រីអណ្តែង ត្រីក្រាញ់ ត្រីទីឡាព្យាតែប៉ុណ្ណោះ។
លោក ស៊ុនម៉េងហ៊ ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ត្រីប៉ាសេអ៊ីត្រូវបានប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងចាត់ទុកជាត្រីដែលមានតម្លៃថ្លៃជាងគេ ត្រីធំមួយគីឡូតម្លៃ២៥ម៉ឺនរៀល ព្រោះមានរសជាតិឆ្ងាញ់ជាងត្រីដទៃទៀត ។
លោកបញ្ជាក់ថា៖ការខ្លាចផុតពូជមិនមែនតែត្រីប៉ាសេអ៊ីមួយទេ ត្រីផ្សេងៗទៀតក៏ត្រូវបាត់បង់ដែរព្រោះមានអ្នកនេសាទមួយចំនួននៅតែលួចលាក់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទោះដឹងថានៅពេលនេះជារដូវបិទនេសាទក៏ដោយ។
សូមបញ្ជាក់ថា៖ត្រីប៉ាសេអ៊ីមួយរដូវមានតែម្តងទេជារៀងរាល់ឆ្នាំ ហើយក្រៅពីត្រីប៉ាសេអ៊ីគេសង្កេតឃើញមាន(ត្រីក្របី -ត្រីសណ្តាយ-ត្រីស្ទក់-ត្រីដំរី-ត្រីគ្រំ-ត្រីប៉ាវ៉ាមុខមួយ-ប៉ាវ៉ាមុខ២-ត្រីត្រសក់-ត្រីរមាស-ត្រីកន្ត្រប់ខ្លា-ត្រីក្របី)និងត្រីផ្សេងៗទៀតក៏ពុំសូវសម្បូរដែរ ៕