វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២៦ ៥ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ជា ធីរិទ្ធ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ឯកឧត្តម
António Guterres អគ្គលេខាធិ ការអង្គការសហប្រជាជាតិ (UN) បានកោតសរសើរអំពីសន្តិភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅ ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុន។
ឯកឧត្តម ជា ធីរិទ្ធ បានថ្លែងថា ការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិពេលនេះ គឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា ដែលប្រទេសនេះ រក្សាបាននូវសន្តិភាព ជាគំរូសម្រាប់ពិភពលោកដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ លោកថា នេះគឺជាមោទកភាពសម្រាប់ប្រជាជន ជាតិសាសន៍កម្ពុជាដែលធ្លាប់តែហែលឆ្លងក្នុងភ្លើងសង្គ្រាម ហើយប្រែមកសុខសាន្តក្នុងសន្តិភាព ហើយថែមទាំងចូលរួមជួយរកសន្តិភាពសម្រាប់ពិភពលោកទៀតផង។
ឯកឧត្តមបន្តថា កន្លងមក នៅពេលបិតាសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកម្ពុជា ព្រមទាំងពលរដ្ឋខ្មែរ និយាយសរសើរពីសន្តិភាព ត្រូវបានក្រុមជ្រុលនិយមខ្លះបន្តុះបង្អាប់និងជេរវាយប្រហារ តែពេលនេះ អគ្គលេខា ធិការអង្គការសហប្រជាជាតិឯកឧត្តម António Guterres សរសើរសន្តិភាពនៅកម្ពុជា សង្ឃឹមថា ពួកគេ មិនជេរលោកអគ្គលេខាធិការ ល្មមរៀនទទួលស្គាល់នូវសច្ចធម៌” ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា យ៉ាងណាក្តី ទោះបីជាពួកគេមិនពេញចិត្តនឹងសន្តិភាព ជេរអ្នកសរសើរសន្តិភាព ជេរអ្នករកសន្តិភាព រើសអើងចំពោះសន្តិភាព តែសន្តិភាពនៅកម្ពុជា មិនបានរើសអើងពួកគេឡើយ ដោយសន្តិភាពនេះ បានផ្តល់ផ្លែផ្កាដល់ប្រជាជនខ្មែរគ្រប់និន្នាការ រួមទាំងសាច់ញាតិរបស់ពួកគេផងដែរ។ ដោយសន្តិភាព បាននាំមាតុភូមិដែលធ្លាប់តែកម្សត់ឲ្យស្គាល់ភាពរីកចម្រើនស៊ីវីល័យ និងរស់នៅដោយសុខដុមរមនាជាមួយគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរ។ ដូច្នេះត្រូវពួតដៃគ្នាការពារសន្តិភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាទាំងអស់គ្នា។
តាមរយៈហ្វេសប៊ុករបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា នាថ្ងៃទី២៤ ខែឧសភា ឯកឧត្តម António Guterres បានមានប្រសាសន៍ថា កម្ពុជាធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្គ្រាមស៊ីវិលនាពេលអតីតកាល ប៉ុន្តែបច្ចុប្បន្នកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្ម រក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម។ អង្គការសហប្រជាជាតិ បានសរសើរដល់កងរក្សាសន្តិភាពកម្ពុជាចំពោះជំនាញការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព៕