វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ ៥ ២៥
អន្តរជាតិ៖ ប្រទេសបារាំង និងវៀតណាម គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន នៅពេលប្រធានាធិបតីបារាំង លោក Emmanuel Macron ជួបជាមួយមេដឹកនាំវៀតណាម ក្នុងទីក្រុងហាណូយ ខណៈរូបលោកកំពុងព្យាយាមបង្កើនឥទ្ធិពលរបស់បារាំងនៅក្នុងប្រទេសដែលធ្លាប់ជាអតីតដែនដីអាណានិគមរបស់បារាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់វៀតណាម និងជាលើកដំបូងក្នុងនាមជាប្រធានាធិបតីបារាំងម្នាក់ក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ។ លោក Macron នឹងត្រូវបានអមដំណើរដោយថ្នាក់ដឹកនាំបារាំងជាច្រើនរូប ហើយបារាំង និងវៀតណាម ត្រូវបានរំពឹងថាអាចនឹងចុះកិច្ចព្រមព្រៀងជាង ៣០ ក្នុងពេលដែលប្រទេសទាំង២ កំពុងព្យាយាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានអាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ ផ្លូវដែក ថាមពលកកើតឡើងវិញ ការស្រាវជ្រាវ ផ្កាយរណប និងវិស័យយោធា។ គួរបញ្ជាក់ថា គម្រោងធ្វើទស្សនកិច្ចមកកាន់វៀតណាមរបស់លោក Emmanuel Macron គឺជាជើងទី១ នៃដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃ មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយបន្ទាប់ពី ហាណូយ លោកនឹងត្រូវបន្តធ្វើទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី និងសិង្ហបុរី៕