វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២៧ ៥ ២០២៥
ភ្នំពេញ ៖ ក្រោយពីមានកិច្ចសន្យាពីឯកអគ្គរដ្ឋទូតរុស្ស៊ីអំពីការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជានិងរុស្ស៊ីនោះ ជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សីចូលជួបសម្ដែងការគួរសម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី ជួយជំរុញបន្ថែមទៀតឲ្យមានការបង្កើតជើងហោះហើរត្រង់ពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ីមកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានឆាប់ៗនាពេលខាងមុខ ដើម្បីបង្កើនទំនាក់ទំនងជាមួយគ្នាបន្ថែមទៀតលើវិស័យទេសចរណ៍ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ក្រោយបញ្ចប់កិច្ចជំនួបថា សម្តេចតេជោហ៊ុនសែនបានរំលេចឡើងវិញអំពីការបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការជំរុញឲ្យមានការបង្កើតជើងហោះហើរត្រង់ពីរុស្ស៊ីមកកម្ពុជា ។
“សម្តេចតេជោបានស្នើក៏ដូចជាជំរុញបន្ថែមទៀត ឲ្យរុស្ស៊ីបង្កើតជើងហោះហើរត្រង់ពីមូស្គូ មកកាន់ប្រទេសកម្ពុជាឲ្យបាននាពេលដ៏ឆាប់ខាងមុខដែលសម្តេចបានគូសបញ្ជាក់ថា នៅពេលដែលរុស្ស៊ីមានជើងហោះហើរត្រង់មកកាន់កម្ពុជា ជាកត្តាជំរុញបន្ថែមទៀតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រទេស និងប្រជាជននឹងបង្កើនទេសចរណ៍ផងដែរ”។
បើតាមឯកឧត្តមជា ធីរិទ្ធ ឆ្លៀតឱកាសនៃជំនួបនោះ សម្តេចតេជោក៏បានស្នើឲ្យភាគីទាំងពីរប្រទេស ជំរុញផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយគ្នាបន្ថែមទៀត។
ជាការឆ្លើយតប អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី នឹងរាយការណ៍ចំពោះសំណើរបស់សម្តេចតេជោជុំវិញការជំរុញឲ្យមានការហោះហើរត្រង់ទៅប្រធានាធិបតីរុស្ស៊ី លោក ល្លាមឌីមៀល ពូទីន ដើម្បីធ្វើយ៉ាងណាឲ្យមានជើងហោះហើរត្រង់ពីរុស្ស៊ីមកកាន់កម្ពុជាឲ្យបានឆាប់ៗនាពេលខាងមុខ។ ជាមួយគ្នានេះអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សីសង្ឃឹមថា នឹងមាន ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ីនឹងសិក្សាពីលទ្ធភាពនៃការបណ្តាក់ទុនបើកការហោះហើរត្រង់ពីរុស្ស៊ីមកកម្ពុជា ដើម្បីពង្រីកទំនាក់ទំនង និងដោះដូរភ្ញៀវទេសចរជាមួយគ្នាទៅវិញទៅមក ។
សូមបញ្ជាក់ថា តាំងពីអតីតឯកអគ្គរដ្ឋទូតរុស្ស៊ីឯកឧត្តម ឌីមីទ្រី ស្វឺតខូវ កាលពីអំឡុងឆ្នាំ២០១៩បានអះអាងនៅចំពោះមុខឯកឧត្តម ថោង ខុន អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាថា នឹងសន្យាជំរុញឲ្យមានជើងហោះហើរត្រង់ពីរុស្ស៊ីមកកាន់កម្ពុជា ។ សម្រាប់ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីចុងឆ្នាំ២០២៤ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាពេលបច្ចុប្បន្នក៏បានសន្យាដូចគ្នាទៅនឹងអតីតទូត ឯកឧត្តម ឌីមីទ្រី ស្វឺតខូវផងដែរ ៕