វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ២៧ ៥ ២០២៥
ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានអញ្ជើញ ឯកឧត្តម ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្ស៊ីរួបរួម និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាដ៏សមស្របណាមួយនាពេលខាងមុខ ។
ការអញ្ជើញប្រធានគណបក្សរុស្ស៊ីរួបរួមមកបំពេញទស្សនកិច្ចនៅកម្ពុជា របស់សម្តេចតេជោ បានធ្វើឡើងតាមរយៈឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី ក្នុងឱកាសសម្តេចបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសមនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ក្រោយបញ្ចប់កិច្ចជំនួបថា ប្រសិនបើឯកឧត្តម ឌីមីទ្រី មេដវេឌេវ អាចឆ្លៀតពេលដ៏មានតម្លៃក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខពិតប្រាកដមែន សម្តេចតេជោនឹងអញ្ជើញមកស្វាគមន៍ទទួលប្រធានគណបក្សរុស្ស៊ីរួបរួមដោយផ្ទាល់តែម្តង។
“សម្តេចតេជោឆ្លៀតតាមរយៈអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សីនោះ ក៏បានផ្តាំបន្ថែមទៀតដោយការអញ្ជើញឯកឧត្តម ឌីមីទ្រី មេដវេឌេវដែលជាប្រធានបក្សរុស្ស៊ីរួបរួម អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចតេជោត្រៀមទទួលស្វាគមន៍ឯកឧត្តមប្រធានគណបក្សរុស្ស៊ីរួបរួមមកកាន់ប្រទេសកម្ពុជា ប្រសិនបើក្នុងពេលវេលាសមស្របណាមួយដែលឯកឧត្តមសម្រេចថាមកកាន់ប្រទេសកម្ពុជានោះ”។
ចំពោះសំណើរបស់សម្តេចតេជោ ត្រូវបានអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សីសន្យាថា នឹងពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចទៅជម្រាបឯកឧត្តម ឌីមីទ្រី មេដវេឌេវផងដែរ ។
សូមបញ្ជាក់ថា ចំពោះទំនាក់ទំនងរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ជាមួយឯកឧត្តម ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្ស៊ីរួបរួម និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីក៏ជាទំនាក់ទំនងដ៏ស្និទ្ធស្នាលផងដែរ ខណៈសម្តេចនិងឯកឧត្តម ឌីមីទ្រី មេដវេឌេវក៏បានជួបគ្នាតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរ និងបញ្ហាដែលជាក្ដីកង្វល់រួម ក្នុងន័យពង្រឹងទស្សនទានរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក៕