វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៧ ០៥ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពក្នុងការជំរុញបន្ថែមទៀត នូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងជំរុញវិស័យទេសចរណ៍ និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ រវាងកម្ពុជា-ចិន ឱ្យកាន់តែច្រើនថែមទៀត ។
ការឯកភាពរវាងថ្នាក់ដឹកនាំទាំងពីរ ខាងលើនេះ ធ្វើឡើងក្នុងឱកាសជួបប្រជុំពិភាក្សាការងារទ្វេភាគី រវាងនាយករដ្ឋមន្ត្រីទាំងពីរ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដែលអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តម លី ឈាង បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ សម្តេចធិបតីជាថ្មីម្តងទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការរីកចម្រើន នៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងជាមិត្តដែកថែបកម្ពុជា-ចិន។
ជាការឆ្លើយតប សម្តេចធិបតី ក៏បានសម្តែងនូវក្តីរីករាយ ចំពោះជំនួបជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីចិន ដោយសម្តេចបធិបតី បានឯកភាពអំពីសារៈសំខាន់ នៃជំនួបកម្រិតថ្នាក់ដឹកនាំប្រទេស ក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគី ព្រមទាំងបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាថែមទៀត។
ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសការពេញចិត្តនៃការដំឡើងកម្រិតដល់ «ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបន្តលើកកម្ពស់ទំនាក់ទំនង លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត តាមរយៈការប្រែក្លាយផែនការនានា ឱ្យចេញជាសកម្មភាពជាក់ស្តែង។
ជាពិសេស ភាគីទាំងពីរ កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗរួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារជាតិ និងសន្តិសុខ, អប់រំ, បច្ចេកវិទ្យា, ឧស្សាហកម្ម និងកសិកម្មតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ»។
បន្ថែមលើនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញបន្ថែមទៀត នូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន, ការជំរុញវិស័យទេសចរណ៍ និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ចិនឱ្យកាន់តែច្រើនថែមទៀតផងដែរ៕