បាត់ដំបង៖ សិស្សនិស្សិត នៅក្រុងបាត់ដំបង បានលើកឡើងថា ការចែករំលែក និង ការទទួលបានព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត តាមបណ្តាញសង្គម បានធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដល់សង្គមជាតិ នាពេលបច្ចុប្បន្ន និងអនាគត បើមិននាំគ្នាចូលរួមទប់ស្កាត់នោះទេ ។
កញ្ញា សុភា ចាន់រី និស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យជាតិបាត់ដំបង បានប្រាប់ថា បច្ចុប្បន្ននេះមានការបង្ហោះព័ត៌មានក្លែងក្លាយលើបណ្ដេញសង្គមហ្វេសប៊ុកតិកតុក និងអាយជី ដែលធ្វើមហាជនមួយចំនួនយល់ច្រឡំ ធ្វើឱ្យសង្គមមានភាពវឹកវរដោយសារមិនពិតទាំងអស់នោះ ។ កញ្ញាបានបន្ថែមថា យើងគួរស្វែងរកប្រភពព័ត៌មានណាដែលអាចជឿទុកចិត្តបាន មានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ពិសេស ប្រពន្ធ័ផ្សព្វផ្សាយសង្គមរបស់អាជ្ញាធរ ។
ចំណែកឯ និស្សិតរូបទៀតនៅក្រុងបាត់ដំបងដែលនោះបានឱ្យដឹងថា មានបច្ចេកវិទ្យា កាត់តរូបភាពវីដេអូ អេ អាយ «Ai »ដែលជាព័ត៌មានមិនពិតមួយចំនួនលើបណ្ដាញសង្គមហ្វេសបុក ធ្វើឱ្យស្រទាប់មនុស្សចាស់ខ្លះជឿ មានការភណ្ឌ័ច្រឡំ ហើយចែករំលែកតៗគ្នា ។ កញ្ញាសូមសំណូមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ នៅពេលណាដែលមានការបង្ហោះផ្សព្វផ្សាយបណ្ដាញសង្គមនានា សូមពិនិត្យមើលប្រភពឱ្យបានច្បាស់លាស់ នៅកាលបរិច្ឆេទ ស្ថាប័ន មុននឹងធ្វើការចែករំលែក ព្រោះព័ត៌មានខ្លះពុំមែនជាការពិតនោះទេ ។
សូមរលឹកថាកាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានធ្វើសន្និសីទកាសែត ប្រកាសស្ដីពី ការបើកយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ » នៅកម្រិតទូទាំងប្រទេស ។ ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងក្រសួងព័ត៌មានធ្លាប់មានប្រសាសន៍ ក្រើនរំលឹកដល់អ្នកសារព័ត៌មានកន្លងទៅថា "សូមផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងផ្សាយ ប្រភពព័ត៌មានខ្លះ មិនមានភាពស្មោះត្រង់ជាមួយសារព័ត៌មាននោះទេ " ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រសាសន៍បន្ថែមថា "ការផ្តល់ព័ត៌មានពិតនឹងធ្វើឱ្យប្រជាពលរដ្ឋ សម្រេចចិត្តឈរលើមូលដ្ឋានត្រឹមត្រូវ វិធានការដ៏មានប្រសិទ្ធភាព បន្សាបព័ត៌មានក្លែងក្លាយ គឺផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿន កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយដឹកមុន" ។
បើយោងតាមរបាយការណ៍ ក្រសួងព័ត៌មាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានរកឃើញព័ត៌មានក្លែងក្លាយចំនួន៨៨៤ករណី នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥ ។ក្នុងស្ថានភាពដែលបានរកឃើញព័ត៌មានក្លែងក្លាយជិត៩០០ករណីនេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្ញើសារដាស់តឿនទៅដល់ យុវជន ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និងអ្នកផលិតមាតិកាបណ្តាញសង្គមនានា គួរតែយកចិត្តទុកដាក់បន្ថែមទៀតដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយការបង្កើត ការចែកចាយព័ត៌មាននៅលើបណ្តាញសង្គម និងឥទ្ធិពលអាក្រក់ ដែលកើតចេញពីការប្រើប្រាស់បណ្តាញសង្គម គ្មានការទទួលខុសត្រូវ ការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈ និងគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ ឯកឧត្តមបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ត្រូវធ្វើជាពលរដ្ឋឌីជីថលល្អនៅថ្ងៃនេះនិង នៅថ្ងៃមុខ ដោយកុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម។
ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មានខ្លឹមសារជាច្រើនបានដកស្រង់ ផ្សាយយ៉ាងទូលំទូលាយ ក្នុងនោះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ការយល់ដឹងពីអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជាភាពចាំបាច់បំផុត ។ការអប់រំពលរដ្ឋឱ្យយល់ដឹងពីហានិភ័យ និងផលប៉ះពាល់បណ្តាលមកពីព័ត៌មានក្លែងក្លាយ វិធានការការពារខ្លួន ជាបេសកកម្មដ៏សំខាន់ និងមិនដើរថយក្រោយជាដាច់ខាតរបស់ក្រសួងព័ត៌មាន។ វិធានការដ៏មានប្រសិទ្ធភាពបន្សាបព័ត៌មានក្លែងក្លាយ គឺផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿន កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយដឹកមុខ។ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ សូមបងប្អូនប្រកាន់វិធីសាស្ត្ររួមមាន៖ ១. ពិនិត្យប្រភព ២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៣.ត្រិះរិះពិចារណាពេលអាន ៤. ពិនិត្យភស្ដុតាង ៥. សង្កេតរូបភាពក្លែងក្លាយ ៦. តើស្ដាប់ទៅសមហេតុផលឬអត់ ជាដើម ៕
អត្ថបទ ឈឿន ថៃកឿ ,កែសម្រួល លោក ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង