សិស្សានុសិស្សនៃអង្គការដើម្បីភាពញញឹមនៃកុមារ(PSE) រួមគ្នាសម្តែងរឿងអប់រំខ្លី ស្ដីពី ផលប៉ះពាល់នៃបារីអេឡិចត្រូនិក

009 | ថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ដោយមើលឃើញការរីករាលដាលនៃការចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិកនាពេលបច្ចុប្បន្ន សិស្សា​នុសិស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានផ្តួចផ្តើមគំនិតសម្តែងរឿងអប់រំខ្លី ស្ដីពី ផលប៉ះពាល់នៃបារីអេឡិចត្រូនិក និង មូលហេតុដែលនាំឱ្យកុមារ និងយុវជនចាប់ផ្ដើមប្រើប្រាស់បារីអេឡិចត្រូនិក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

ការសម្ដែងរឿងខ្លីនេះ ស្របទៅនឹងប្រធានបទនៃទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៥ “លាតត្រដាងល្បិចកលបិទបាំងការពិតនៃផលិតផលថ្នាំជក់ និងផលិតផលនីកូទីន”។

លោកសុង ឌៀរ៉ាក់ មន្ត្រីជាន់ខ្ពស់ នៃអង្គការចលនាដើម្បីសុខភាពកម្ពុជាបានគាំទ្រចំពោះការសម្តែងរឿងអប់រំខ្លី ស្ដីពី ផលប៉ះពាល់នៃបារីអេឡិចត្រូនិកនេះ ព្រោះការសម្តែងនេះកើតចេញពីការព្រួយបារម្ភអំពីបញ្ហាដែលកើតចេញពីការប្រើប្រាស់បារីអេឡិចត្រូនិកគ្រប់រូបភាព។

សំឡេង៖ «តាមពិតទៅសិស្សសាលាគាត់សម្តែងពីផលប៉ះពាល់  និងប្រភពចែកចាយបារីអេឡិចត្រូនិចនេះ ខ្ញុំជឿថា គាត់ឃើញមានការលក់តាមអនឡាញច្រើននូវឧបករណ៍ទាំងនេះ  និងឃើញមិត្តភក្តិរបស់គាត់ប្រើប្រាស់​។ និយាយទៅការលក់លើប្រព័ន្ធអនឡាញនេះគឺជាប្រភពចម្បង។  គោលបំណងនៃការសម្តែងរបស់គាត់គឺចង់ឱ្យបិទការនាំចូលបារីអេឡិចត្រូនិកគ្រប់ប្រភេទ, បិទការចែកចាយបារីអេឡិចត្រូនិកតាមប្រព័ន្ធអនឡាញ និងដាក់ទោសទណ្ឌទៅលើអ្នកនាំចូល និងអ្នកចែកចាយបារីអេឡិចត្រូនិក។ »

អង្គការចលនាដើម្បីសុខភាពកម្ពុជាបានសង្កេតឃើញថា មានការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកតាមតាមប្រព័ន្ធអនឡាញជាច្រើន ក្រោមរូបភាពមួយចំនួនដូចជា ការវេចខ្ចប់ផលិតផលឱ្យមានភាពទាក់ទាញជាងមុន ការផ្សាយលក់ផលិតផលនៅកន្លែងដែលកុមារទៅញឹកញាប់ ការផ្សព្វផ្សាយដោយប្រើបំភ័នថា បារីអេឡិចត្រូនិកជាម៉ាស៊ីនផ្ដាច់បារី មានក្លិនក្រអូប មិនប៉ះពាល់សុខភាពជាដើម។ ឧស្សាហកម្មថ្នាំជក់បានធ្វើយុទ្ធសាស្ត្រទីផ្សារបែបនេះ ដើម្បីទាក់ទាញអតិថិជនថ្មីៗ ជាពិសេសកុមារ និងយុវជន សម្រាប់ជំនួសអតិថិជនចាស់ៗដែលបានឈប់ប្រើប្រាស់ និងបានស្លាប់ដោយជំងឺដែលបង្កឡើងដោយថ្នាំជក់។ យោងទៅតាមការសិក្សាស្រាវជ្រាវរបស់ក្រសួងអប់រំយុវជន និងកីឡាបានបង្ហាញថា ប្រភពចម្បងនៃការចែកចាយនៃបារីអេឡិចត្រូនិកគឺ តាមប្រព័ន្ធអនឡាញ រួមមាន៖  Facebook ,Tik Tok, Telegram , Instagram និងYouTubeជាដើម (៨២%)។

តាមការបញ្ជាក់ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) បានបង្ហាញថា កុមារ និងយុវជនងាយនឹងទទួលរងផលប៉ះពាល់ដែលបណ្តាលមកពីការ ឃោសនា ផ្សាយពាណិជ្ជកម្មថ្នាំជក់ ដែលធ្វើឱ្យពួកគេមានអាកប្បកិរិយាទោរទន់ចង់ជក់បារីច្រើនឡើង ហើយគិតថាការប្រើប្រាស់ថ្នាំជក់ជារឿងធម្មតា មិនមានផលប៉ះពាល់អ្វីទាំងអស់។​ ផ្ទុយទៅវិញ មានភស្តុតាងជាច្រើនបានបង្ហាញថាការប្រើប្រាស់បារីអេឡិចត្រូនិកបានបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដូចជា៖ ធ្វើឱ្យញៀន កើតជំងឺមហារីកសួត រលាកសួត ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងអាចបាត់បងជីវិត។ ចំណែកឯអ្នកស្រូបចំហាយបារីអេឡិចត្រូនិកដោយប្រយោលពីគេ ក៏អាចមានផលប៉ះពាល់ កើតជំងឺដូចអ្នកជក់ដែរ។ មិនតែប៉ុណ្ណោះ វាក៏ជាកត្តាជំរុញឱ្យ កុមារ និងយុវជនឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងៗ។

យោងទៅតាមអង្គការសុខភាពពិភពលោកបានលើកឡើងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៥ ​ផ្តោត​លើ​ការ​ចូលរួមផ្សព្វផ្សាយឱ្យទូលំទូលាយដល់សាធារណជនទូរទៅឱ្យយល់ដឹង អំពីល្បិចកលរបស់ឧស្សាហករថ្នាំជក់ ដែលព្យាយាមបិទបាំងពីគ្រោះថ្នាក់នៃផលិតផលរបស់ខ្លួន តាមរយៈការផលិតបារីអេឡិចត្រូនិក ដូចទៅនឹង ភេសជ្ជៈ ទឹកដោះគោ ស្ករគ្រាប់ តុក្កតា និងរបស់ប្រើប្រាស់ដែលទាក់់ទាញផ្សេងៗ  ហើយបានបន្ថែមសារធាតុផ្តល់រសជាតិ  ផ្តល់ក្លិន  និងសារធាតុនីកូទីននៅក្នុងបារីអេឡិចត្រូនិក ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនពិបាកក្នុងការផ្តាច់។  តាមរយៈការ​លាតត្រដាង​យុទ្ធសាស្ត្រ​ទាំងនេះ នឹង​ជួយ​បំភ្លឺ​ដល់ប្រជាជនទូទៅ ឱ្យបានដឹងអំពីគ្រោះថ្នាក់នៃផលិតផលទាំងនេះ និងអាចចូលរួមកាត់បន្ថយផលប៉ះពាល់សុខភាព និងបង្ការអ្នកស្លាប់ដោយសារការប្រើប្រាស់បារីអេឡិចត្រូនិក។

ដើម្បីឆ្លើយតបទៅនឹងបញ្ហា និងហានិភ័យបង្កដោយបារីអេឡិចត្រូនិកក្នុងចំណោមកុមារ និងយុវជន ​ ប្រជាជនកម្ពុជា ៩៤% បានគាំទ្រឱ្យរដ្ឋាភិបាល៖ បិទការនាំចូលបារីអេឡិចត្រូនិកគ្រប់ប្រភេទ,បិទការចែកចាយបារីអេឡិចត្រូនិកតាមប្រព័ន្ធអនឡាញ (Facebook, TikTok, Telegram...) និងដាក់ទោសទណ្ឌទៅលើអ្នកនាំចូល និងអ្នកចែកចាយបារីអេឡិចត្រូនិកនេះ៕