វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥
MC. នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាបានបើកកិច្ចប្រជុំលើកទី១០ នៃក្រុមការងារ រុករក និងសង្គ្រោះប្រចាំតំបន់អាស៊ី/ប៉ាស៊ីហ្វិក (APSARWG/10)របស់អង្គការអាកាសចរណ៍ស៊ីវិល អន្តរជាតិ(ICAO) មានរយៈពេល៤ថ្ងៃ រៀបចំដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល(SSCA) នៃកម្ពុជា ធ្វើឡើងនៅខេត្ដសៀមរាប។
ឯកឧត្តម សៅ វឌ្ឍនា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្មអាកាសចរណ៍ មានប្រសាសន៍ថា កិច្ចប្រជុំនេះ បានប្រមូលផ្តុំអ្នកចូលរួមចំនួន១៥០រូប មកពី២៣ប្រទេសទូទាំងតំបន់ អាស៊ីប៉ាស៊ីហ្វិក តំណាងមកពីអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងសេវា ត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពុជា(CATS)។ ឯកឧត្ដមបន្ដថា ជំនួបនេះ មានគោលបំណងជំរុញ កិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ផ្លាស់ប្តូរការអនុវត្តល្អបំផុត និងដោះស្រាយបញ្ហាប្រឈម នានាក្នុងប្រតិបត្តិការរុករក និងសង្គ្រោះអាកាសចរណ៍(SAR)ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងបណ្ដា ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងវិស័យស្វែងរកនិងសង្គ្រោះ ព្រមទាំងបង្កើនប្រសិទ្ធភាព ទាំងផ្នែកបច្ចេកទេស និងផ្នែកទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក តាមរយៈការបង្កើតផែនការសមយុទ្ធ រុករកនិងសង្គ្រោះ ជួយពង្រឹងសមត្ថភាពដល់ប្រទេសជាសមាជិក ដែលមានសមត្ថភាពក្នុងកិច្ចសហប្រតិ បត្តិការរុករកនិងសង្គ្រោះ នៅមានកម្រិត។ ឯកឧត្ដម បញ្ជាក់ថា កម្ពុជាមានមោទនភាព ដែលមានសមាជិក អ្នកជំនាញមកពី២៣ប្រទេសចូលរួមក្នុងជំនួបនេះ ជាពិសេសកម្ពុជា បានផ្សព្វផ្សាយពីវិស័យទេសចរណ៍ ប្រពៃណីវប្បធម៌ខ្មែរ កម្ពុជាមានឱកាសល្អបំផុត សម្រាប់ឱ្យសមាជិកអាស៊ីប៉ាស៊ីហ្វិក ជួយក្នុងពេលមានឧបទ្ទវហេតុផ្សេងៗក្នុងការជួយសង្គ្រោះនិងរុករក។
ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា “កិច្ចប្រជុំនេះ ជាវេទិកាសំខាន់ សម្រាប់ការប្តូរជំនាញ និងបង្កើតដំណោះស្រាយជាក់ស្តែង ដើម្បីធានាបាននូវប្រសិទ្ធភាព នៃកិច្ចខិតខំ រួមគ្នារបស់យើងក្នុងការសង្គ្រោះអាកាសចរណ៍”។ឯកឧត្តម មានប្រសាសន៍បន្តថា រយៈពេលជាងពីរ ទសវត្សរ៍ចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិល បានឈានដល់កំណើនដ៏ខ្លាំងក្លា ទាំងក្នុងបរិបទ អន្តរជាតិ និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចំនួនអ្នកដំណើរផ្លូវអាកាសទូទាំងពិភពលោកបានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានក្លាយជាទីផ្សារអាកាសចរណ៏ដែលមានអត្រាកំណើនលឿនបំផុត ដោយសារកំណើន សេដ្ឋកិច្ចរហ័ស និងការកើនឡើងនៃតម្រូវការពីប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យម។
ឯកឧត្តមបានបញ្ជាក់ទៀតថា សម្រាប់កម្ពុជា វិស័យអាកាសចរណ៍ស៊ីវិល បានឈានទៅមុខប្រកប ដោយនិរន្តរភាព ចាប់តាំងពីឆ្នាំ២០០០មក ជាមួយនឹងចំនួនអ្នកដំណើរដែលកើនពីក្រោម១លាននាក់ ទៅជាង១១លាននាក់ ក្នុងឆ្នាំ២០១៩។ ទោះបីជាវិបត្តិជំងឺកូវីដ-១៩បានរំខានដល់សន្ទុះនេះ ក្នុងអំឡុងពេលខ្លីក៏ដោយ ក៏វិស័យនេះបានបង្ហាញពីសមត្ថភាពស្តារឡើងវិញយ៉ាងរឹងមាំ។ ដូច្នេះការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ពន្ធ័ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានអន្តរជាតិតេជោ ដែលនឹងចាប់ផ្តើមដំណើរការពេលខាងមុខនេះ បង្ហាញពីការប្តេជ្ញាចិត្ត ដ៏ខ្ពង់ខ្ពស់របស់កម្ពុជា ចំពោះការធ្វើទំនើបកម្ម វិស័យអាកាសចរណ៍ស៊ីវិល ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ការធ្វើបច្ចុប្បន្នភាពផែនការ ស្វែងរក និងជួយសង្គ្រោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក ការត្រួតពិនិត្យបញ្ហាសុវត្ថិភាពក្នុងលំហអាកាស និង យុទ្ធសាស្ត្រសម្របសម្រួល សម្រាប់ពង្រឹងសមត្ថភាពសង្គ្រោះនៅថ្នាក់ជាតិ និងតំបន់៕