វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៧ ០៥ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការពេញចិត្ត ចំពោះ ភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ហ្វីលីពីន ព្រមទាំងបានថ្លែងស្វាគមន៍ ចំពោះការបន្តស្វែងរក កាលានុវត្តភាពថ្មីៗថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរ ។
ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងពេលដែលសម្តេចធិបតី និងប្រធានាធិបតីហ្វីលីពីន អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
ក្នុងជំនួបខាងលើនេះ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានសម្ដែងនូវការពេញចិត្ត ចំពោះទំនាក់ ទំនងដ៍ល្អប្រសើរ នៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់ អំពីបំណងពង្រឹង និងពង្រីក ទំនាក់ទំនង ផ្នែកពាណិជ្ជកម្មបន្ថែមទៀត។
ដោយឡែកសម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ដែលបានផ្ដល់បដិសណ្ឋារកិច្ច យ៉ាងកក់ក្ដៅ ចំពោះសម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន កាលពីដើមឆ្នាំ២០២៥ នេះ។
ក្នុងនោះសម្ដេចធិបតី ក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើន នៃទំនាក់ទំនង កម្ពុជា-ហ្វីលីពីន ព្រមទាំងបានស្វាគមន៍ ចំពោះការបន្តស្វែងរកកាលានុវត្តភាពថ្មីៗថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកទំហំ ពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះផងដែរ សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាគ្នា អំពីវិស័យសក្ដានុពល សំខាន់ៗមួយចំនួន ជាអាទិ៍៖ ការងារឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI), សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs), ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេវាកម្មថែទាំសុខភាព, ទេសចរណ៍, ព្រមទាំងសន្តិសុខ និងការពារជាតិ។
បន្ថែមលើនេះ ថ្នាក់ដឹកទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តកិច្ចពិភាក្សាលម្អិតលើវិស័យសក្តានុពលខាងលើ ដើម្បីជំរុញឱ្យចេញជាសកម្មភាពជាក់ស្ដែង៕