វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៧ ៥ ២៥
អន្តរជាតិ៖ ប្រធានរដ្ឋវៀតណាម និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើសន្និសីទ សារព័ត៌មានរួមមួយកាលពីថ្ងៃទី២៦ ឧសភា ដើម្បីប្រកាសលទ្ធផលនៃកិច្ចចរចារបស់ពួកគេ ដែលបាន ប្រព្រឹត្តទៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ក្នុងសន្និសីទនេះលោកប្រធានរដ្ឋវៀតណាមបានចាត់ទុកថា ដំណើរទស្សនកិច្ចនេះគឺបង្ហាញពីបំណង ប្រាថ្នា និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រទេសទាំងពីរ ដើម្បីនាំទំនាក់ទំនងវៀតណាម-បារាំង ឡើងដល់ កម្រិតខ្ពស់ថ្មីមួយ ដោយពណ៌នាថា កិច្ចចរចាជាមួយមេដឹកនាំបារាំងទទួលបានជោគជ័យខ្ពស់ ស្មោះត្រង់ និងទុកចិត្តគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំបានឯកភាពលើការតម្រង់ទិស និងវិធានការផ្សេងៗ ដើម្បីធ្វើឱ្យ ស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។ លោកទាំងពីរបានសង្កត់ធ្ងន់លើការបង្កើនការជឿទុកចិត្តជាយុទ្ធសាស្ត្ររបស់ពួកគេដែលបានបង្រួបបង្រួមតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជាពិសេសបន្ទាប់ពីការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង ទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងពេលមានការប្រែប្រួលសេដ្ឋកិច្ចពិភពលោក ភាគីទាំងពីរបានឯកភាពថា សសរស្តម្ភកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអភិវឌ្ឍន៍បន្តជាកត្តា ជំរុញដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។ វៀតណាមបានស្នើឱ្យបារាំងជំរុញឱ្យគណៈកម្មការអឺរ៉ុបដកការព្រមានលើអាហារសមុទ្រវៀតណាម ពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម និងលើកទឹកចិត្តសាជីវកម្ម និងអាជីវកម្មបារាំងពង្រីកការវិនិយោគ និងបណ្តាក់ទុនរួមគ្នាក្នុងឧស្សាហកម្មយុទ្ធសាស្ត្រដូចជារថយន្ត និង ភស្តុភារជាដើម៕