វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ២៧ ០៥ ២០២៥
ឯកឧត្តម បណ្ឌិត Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក(WHO) បានកោតសរសើរ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដោយទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កន្លងមក និងបានបញ្ជាក់ការគាំ ទ្ររបស់លោកលើអាទិភាពសំខាន់ៗរបស់សុខាភិបាលកម្ពុជា។
ការថ្លែងរបស់អគ្គនាយកអង្គការសុខភាពពិភពលោក(DG-WHO) ក្នុងឱកាសជួបសំណេះសំណាល ការងារជាមួយឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលកម្ពុជានាទីក្រុងហ្សឺណែវ សហព័ន្ធស្វីស កាលពីថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២៦។
ក្នុងជំនួបដ៏ស្និទ្ធស្នាលពិសេសដោយឡែកនេះ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី ឈាង រ៉ា បានជម្រាបថ្លែង អំណរគុណជូនដល់ ឯកឧត្តមអគ្គនាយក WHO អំពីការគាំទ្ររបស់អង្គការសុខភាពពិភពលោក ដល់សុខាភិបាលកម្ពុជា និងបានបញ្ជាក់ជូនអំពីអនុលោមភាពរបស់កម្ពុជាជាមួយបេសកម្មរបស់ អង្គការសុខភាពពិភពលោក។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអំពីចំណុចសំខាន់ៗនៃវឌ្ឍនភាពសុខាភិបាលកម្ពុជា ដែលរួមមាន ៖ ១-ការលើកកម្ពស់សុខភាព សុខុមាភាពសហគមន៍ (PHC, Primary Health Care) តាមរយៈការដាក់ចេញយុទ្ធនាការអប់រំសុខភាពបឋម ការពង្រីកការចាក់វ៉ាក់សាំង, ២-ការពង្រីកការថែទាំ ព្យាបាលនិង ផ្តល់លទ្ធភាពឱសថអំពីជំងឺមិនឆ្លងក្នុងសហគមន៍, ៣-ការប្រកាសដាក់ឱ្យដំណើរការផែនការ សកម្មភាពបង្ការ និងគ្រប់គ្រងជំងឺមហារីក ២០២៥-២០៣៣, ៤-ឥរិយាបទបុរេសកម្មលើការតាមដាន ត្រួតពិនិត្យជំងឺឆ្លងគ្រប់ប្រភេទដោយក្រុមការងារជំនាញឆ្លើយតបបន្ទាន់, ៥-ការរៀបចំ និងដាក់ដំណើរការ ផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ (HSP4) ២០២៥-២០៣៣ ដែលជាក្របខ័ណ្ឌយុទ្ធ សាស្រ្តរយៈពេលវែង ដ៏ទូលំទូលាយដែលស្របតាម SDGs និងចក្ខុវិស័យនៃការសម្រេចបាននូវការ គ្របដណ្តប់សុខភាពជាសកល។ ផែនការនេះបង្ហាញទិសដៅយុទ្ធសាស្ត្រចំនួន ៥៖ ក) ការពង្រឹងការ ថែទាំសុខភាពបឋម និងសេវាសំខាន់ៗ ខ) ការលើកកម្ពស់ធនធានមនុស្សសម្រាប់សុខភាព គ) ការលើក កម្ពស់ការផ្តល់ហិរញ្ញប្បទាន និងអភិបាលកិច្ចសុខាភិបាល ឃ) ពង្រីកប្រព័ន្ធសុខភាពឌីជីថល និងព័ត៌មាន ង) ការកសាងភាពធន់នឹងប្រព័ន្ធសុខភាព និងការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីសុខាភិបាលកម្ពុជា បានរំលឹកដល់អនុស្សាវរីយ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ ដែលបានចារឹកក្នងបេះដូងកម្ពុជា និងពិភពលោក ខណៈកាលណោះ ជំងឺកូវីដ១៩ ដ៏កាចសាហាវកំពុង យកជីវិតមនុស្សលោក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃកម្ពុជា បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រផ្តល់ការអនុញ្ញាត និងចេញទៅទទួលយក ដោយខ្លួន លោកផ្ទាល់ នូវអ្នកធ្វើដំណើរតាមនាវា អឹមអេស វេស្ទើរដាមចំនួន ២២៥៧រូប ត្រូវបានអនុញ្ញាតិ្តឲ្យ ចូលចតនិងសង្គ្រោះនៅកម្ពុជា ចំថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ជាថ្ងៃនៃក្តីស្រឡាញ់ (Valentine’s Day) ខណៈនាវានេះត្រូវបានបដិសេធមិនឲ្យចូលចតនៅបណ្តាប្រទេសនានា។ ការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំកម្ពុជា ជាវីរៈភាពដែលបញ្ជាក់នូវ អត្ថន័យដ៏ជ្រាលជ្រៅបំផុតគឺ៖
- ទី១ សេចក្តីក្លាហាន (courage)
- ទី២ ការឆ្លើយតបទាន់ពេលវេលា (timely reactive)
-ទី៣ អត្ថន័យនៃអាទិភាពលើអាទិភាព (sense of priorities)
-ទី៤ ដំណោះស្រាយសុខភាពសាធារណៈដែលចាប់ផ្តើមមានបញ្ហា (public health problems solving) និង
-ទី៥ សិទ្ធិដែលត្រូវរស់រាមានជីវិតរបស់អ្នកដំណើរដែលជាប់គាំងលើនាវា (Right to live and humanity)។
នាឱកាសនោះ ឯកឧត្តម អគ្គនាយកអង្គការសុខភាពពិភពលោក (DG-WHO) បានសំដែងនូវការកោត សរសើរ ចំពោះសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ របស់អង្គការសុខភាព ពិភពលោក ដោយទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កន្លងមក និងបាន បញ្ជាក់ការគាំទ្ររបស់លោកលើអាទិភាពសំខាន់ៗរបស់សុខាភិបាលកម្ពុជា។ ឯកឧត្តមអគ្គនាយកមានប្រសាសន៍បន្ថែមថា «យើងត្រូវរំលឹកដល់គ្រប់ៗគ្នា និងរំលឹកដល់ពិភពលោក អំពីបទពិសោធន៍នៃនាវា អឹមអេស វេស្ទើរដាម៖ កម្ពុជាប្រទេសតូច បេះដូងធំ» ៕