វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៧.០៥.២០២៥
អភិបាលស្រុកស្ទឹងត្រង់ ថ្លែងថា ការចងក្រងទៅជាសហគមន៍សម្រាប់ដំណាំទុរេន នឹងធ្វើឱ្យដំណាំរបស់ កសិករមានការការពារសិទ្ធិ និងកេរ្តិ៍ឈ្មោះកសិផលរបស់ខ្លួនបានត្រឹមត្រូវ ជាពិសេសនឹងធ្វើឱ្យដំណាំ ប្រភេទនេះនៅតែមានតម្លៃល្អប្រសើរ និងមិនអាចយកទុរេនពីប្រទេសជិតខាងមកបន្លំបានឡើយ ។
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់នៃខេត្តកំពង់ចាម បានមានប្រសាសន៍ថា ផ្អែកទៅលើស្ថានភាព ភូមិសាស្ត្រនៅក្នុងស្រុកស្ទឹងត្រង់ គឺមានភាពអំណោយផលទៅលើការធ្វើកសិកម្ម ដែលមានផ្ទៃដីកសិកម្ម ចំនួន៥៦០៤ហិកតា ក្នុងនោះដំណាំទុរេន គឺជាដំណាំយុទ្ធសាស្ត្រមួយ ដែលមានបងប្អូនប្រជាកសិករ ដាំដុះ ជាង១៣០០ហិកតា ។ ក្នុងនោះដំណាំទុរេននៅក្នុងស្រុកស្ទឹងត្រង់នៃខេត្តកំពង់ចាម នាពេល បច្ចុប្បន្ននេះគឺបាននិងកំពុងតែចាប់ផ្តើមប្រមូលផលបណ្ដើរៗហើយ ដោយមានអតិថិជនទាំងនៅក្នុងខេត្ត និងតាមបណ្ដាខេត្តនានាគាំទ្រយ៉ាងច្រើន ។
លោកបានបន្តថា បើទោះបីជា មានការគាំទ្រពីអតិថិជនក៏ដោយ ក៏រដ្ឋបាលស្រុក នៅតែចង់ឱ្យប្រជាកសិករ ចងក្រងទៅជាសហគមន៍ ដោយអត្ថប្រយោជន៍ទី១ គឺអាចការពារដំណាំរបស់ខ្លួនឱ្យទទួលបានតម្លៃមួយ ពិតប្រាកដ ទី២ គឺការបិទឡូហ្គូបញ្ជាក់ពីគុណភាពច្បាស់លាស់ទៅកាន់អតិថិជន ទី៣ ងាយស្រួលក្នុងការ រកទីផ្សារ ទី៤ មានការចុះកុងត្រាបញ្ជាទិញ-លក់ ត្រឹមត្រូវ ថែមទៀតផង ។
« ដូច្នេះហើយខ្ញុំចង់ឱ្យបងប្អូនប្រជាកសិករដែលដាំដុះទុរេននៅក្នុងស្រុកនេះ គាត់រួមគ្នាចងក្រង ទៅជាសហគមន៍ ដោយទី១មានបិទឡូហ្គូនៅលើផ្លែទុរេន ដែលបញ្ជាក់អំពីសហគមន៍ ធ្វើឱ្យអតិថិជន មានការទុកចិត្ត ទទួលបានតម្លៃល្អប្រសើរ និងមានគុណភាពសម្រាប់អតិថិជន ដែលផ្ដោតសំខាន់ទៅលើ សុខភាពអ្នកបរិភោគ ដូចដែលរាជរដ្ឋាភិបាលតែងតែលើកឡើងអំពីអត្ថប្រយោជន៍នៃការថែរក្សាសុខភាព ជាចម្បង មិនថាតែបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការនោះទេ គឺសុខភាពគឺជាកត្តាចម្បង » ។
សូមបញ្ជាក់ថា ទុរេន ជាដំណាំសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ដែលតម្រូវឱ្យកសិករមានបច្ចេកទេសដាំ មានការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗទៅតាមអាយុកាល ការផ្តល់ជី និងទឹក មានការមើលថែការពារ ជំងឺនិងសត្វល្អិតចង្រៃឱ្យបានត្រឹមត្រូវ ទើបអាចទទួលបានទិន្នផលខ្ពស់ ៕