វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៧ ០៥ ២០២៥)
ភ្នំពេញ៖ បន្ទាប់ពីបានស្តាប់ នូវចំណាប់អារម្មណ៍របស់លោក Dato’ Sri Dr. Shamir Kumar Nandy ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Bin Zayed International Berhad (BZI) (M) ដែលចង់វិនិយោគនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវក្ដីរីករាយ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន មួយនេះ និងបានគូសបញ្ជាក់ ពីការដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តនានា ដើម្បីគាំទ្រការវិនិយោគ ។
ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Dato’ Sri Dr. Shamir Kumar Nandy ប្រធានក្រុមហ៊ុន Bin Zayed International Berhad (BZI) (M) ចូលជួបសម្ដែងការគួរសម កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។
បន្ទាប់ពីបានជួបជាមួយសម្តេចធិបតី លោក Dato’ Sri Dr. Shamir Kumar Nandy ប្រធានក្រុមហ៊ុន BZI បាន ជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់ និងបណ្ដាប្រទេសនានា លើវិស័យអចលន ទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, ថាមពលស្អាត, សុខាភិបាល និងវិស័យអប់រំ។
ក្នុងនោះលោក Dato’ Sri Dr. Shamir Kumar Nandy បានលើកឡើងថា អាស្រ័យលក្ខណៈអំណោយផលនៃបរិស្ថាន វិនិយោគរបស់កម្ពុជា, ក្រុមហ៊ុន BZI មានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស បណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានគូសបញ្ជាក់ ពីការដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តនានា ដើម្បីគាំទ្រការវិនិយោគ និងដើម្បីធានាបរិយាកាស វិនិយោគមួយដែលអំណោយផល ដល់វិនិយោគិនតាមរយៈការដាក់ចេញ នូវច្បាប់ស្តីពីវិនិយោគ និងគោលនយោបាយ ពាក់ព័ន្ធ ដែលមានភាពបត់បែន, ជាក់ស្ដែង និងប្រាកដនិយម។
បន្ថែមលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមអំពីវិស័យសក្ដានុពលដែលក្រុមហ៊ុន អាចពិនិត្យ លទ្ធភាពវិនិយោគ ដោយសម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យភ្ជាប់ទំនាក់ទំនងជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីឱកាសវិនិយោគជាក់ស្ដែង នៅកម្ពុជា៕