អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកស្រីសន សាវិន
លោកអ្នកនាងស្ដាប់ជាទីមេត្រី!
បច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល ធ្វើឱ្យរដូវកាលមានការផ្លាស់ប្ដូរ ហើយគ្រោះធម្មជាតិក៏បានកើតឡើងជាញឹកញាប់ដែរ មិនថានៅរដូវប្រាំង ឬរដូវវស្សានោះទេ។នៅក្នុងនោះគេសង្កេតឃើញថា បាតុភូតធម្មជាតិដូចជា ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានបង្កជាគ្រោះមហន្តរាយបំផ្លាញ ទ្រព្យ សម្បត្តិ និងអាយុជីវិតរបស់មនុស្ស ជាច្រើននាក់។រន្ទះ គឺជាបាតុភូតធម្មជាតិម្យ៉ាង ដែលអាចបង្កើតជាចរន្តអគ្គិសនីមានកម្លាំងឋាមពល ដ៏ខ្លាំងនៅពេលដែលមេឃជិតមានភ្លៀងធ្លាក់ឬ កំពុងធ្លាក់ភ្លៀង។ ចរន្តអគ្គិសនីធម្មជាតិនោះ អាចនឹងធ្វើការចម្លងចរន្តបានយ៉ាងលឿន ទៅនឹងពពួកលោហៈធាតុ ឬមនុស្ស សត្វទាំងឡាយ ប្រសិនបើស្ថិតនៅក្បែរឬ បានចាប់កាន់វានោះ។ ក្រុមអ្នកជំនាញ វិទ្យាសាស្ត្រពន្យល់ថា ការចម្លងចរន្តអគ្គិសនីធម្មជាតិនៅក្នុងបរិយាកាស ទៅពពួកលោហធាតុ ឬមនុស្សសត្វទាំងឡាយ ជាការជួបគ្នាឬការប៉ះ ទង្គិច ស្រូបឆក់រវាងបន្ទុកវិជ្ជមាន និងបន្ទុកអវិជ្ជមាន ដែលប្រជាពល រដ្ឋយើងទូទៅតែងហៅថា រន្ទះបាញ់ ។រន្ទះ អាចផ្ដល់គ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សឬសត្វ និងបំផ្លិចបំផ្លាញសម្ភារៈមួយចំនួនបាន ហើយយើងក៏មិនអាចបញ្ឈប់វាបានដែរ។ ដូច្នេះជម្រើសដ៏ល្អបំផុតគឺនៅពេល ដែលមេឃជិតភ្លៀង ឬក៏កំពុងធ្លាក់ភ្លៀងនិងមានផ្គររន្ទះលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ លោកអ្នកគួរតែប្រញាប់រិៈរកវិធីបង្ការ និងការពារខ្លួន ឱ្យឆាប់រហ័ស តាមដែលអាចធ្វើបាន។
រដូវវស្សាចូលមកដល់ ភ្លៀងក៏ចាប់ផ្ដើមធ្លាក់មកជាបណ្ដើរៗហើយ គ្រប់ខេត្តក្រុងនៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះដែរ បាតុភូតរន្ទះ និងខ្យល់ព្យុះ ខ្យល់កន្ត្រាក់ក៏បាន លាយឡំជាមួយនឹងទឹកភ្លៀងផងដែរ ដែលបាតុភូតទាំងអស់នេះតែងតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វជាបន្តបន្ទាប់។ការរងគ្រោះថ្នាក់នេះត្រូវបានមន្ត្រីជំនាញយល់ឃើញថា ដោយសារប្រជាពលរដ្ឋយើងខ្វះការយល់ដឹងពីវិធីការពារខ្លួនឯងពីបាតុភូតរន្ទះនេះ។
តាមជំនឿចាស់បុរាណរន្ទះបាញ់ គឺបាញ់តែទៅលើមនុស្សណាដែលមានក្រយៅរន្ទះបាញ់ រឺ បាញ់ដើមឈើណាដែលមាន អមនុស្សរស់នៅ ដែលជំនឿទាំងអស់នេះហើយ ទើបធ្វើឱ្យមនុស្ស សត្វ មានការស្លាប់ច្រើនដោយសារបាតុភូតរន្ទះបាញ់នេះ។លោកពូទុយ នៅខេត្តឧត្ដរមានជ័យបានលើក ឡើងថា បច្ចុប្បន្នប្រជាជននៅតែមានជំនឿប្រកាន់ទៅនឹងពាក្យចាស់បុរាណដដែល ដូច្នេះហើយ លោកពូសុំឱ្យមន្ត្រីជំនាញជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ទាក់ទងបាតុភូតរន្ទះបាញ់ នេះ ដើម្បីឱ្យពួកគាត់មានការប្រុងប្រយ័ត្ន ពេលដែលចេញទៅធ្វើស្រែចម្ការ។
សំឡេងទី១«ចាស់ៗគាត់មិនសូវជឿទេសម័យឥឡូវថារន្ទះផ្គរគាត់ជំនឿចាស់គាត់ថា ការរន្ទះបាញ់ត្រូវមនុស្ស គឺត្រូវទំនាយបណ្ដាសារត្រូវរន្ទះបាញ់បានបាញ់ កាលមុនខ្ញុំជឿជំនឿចាស់មែនរន្ទះមិនសូវមានទេ ២ទៅ៣ឆ្នាំ ឮសូរបាញ់១ បាញ់មនុស្ស ឬដើមឈើ គោ គាត់និយាយ តៗគ្នាថា ទាល់តែដើមឈើហ្នឹងមានហេតុ មានព្រាយនៅចឹងបានបាញ់ ចឹងមកជំនាន់នេះគាត់មិនសូវជឿនៅតែជឿជាក់បុរមបុរាណ តែគ្រោះថ្នាក់វាច្រើន ចឹងហើយយើងត្រូវផ្សព្វផ្សាយឱ្យគាត់យល់ មកដល់សម័យបច្ចុប្បន្នកាលនេះវិញ»។
រីឯលោកពូសុផន នៅខេត្តស្វាយរៀងវិញបានឱ្យដឹងថា ប្រជាពលរដ្ឋនៅសហគមន៍របស់ លោកពូនាពេលបច្ចុប្បន្ន មានការយល់ដឹងច្រើនពីវិធីការពារពីគ្រោះបាតុភូតធម្មជាតិនេះ។
សំឡេងទី២«បើមេឃងងឹតទៅគាត់មានការប្រុងប្រយ័ត្នច្រើន តែចង់បានសំណូមពរថា ប្រសិនបើមានហេតុកើតឡើងហើយ គឺទូរស័ព្ទពួកគាត់បិទទាំងអស់គ្នា ចឹងយើងទាក់ទងគ្នាតាមណាដើម្បីដឹងព័ត៌មានទាន់ហេតុការ. ប្រុងប្រយ័ត្នកាន់តែខ្ពស់ ថែមទៀត»។
ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នឥទ្ធិពលការប្រែប្រួលអាកាសធាតុជាសកលបានធ្វើឱ្យប៉ះពាល់ទៅដល់អាយុជីវិតមនុស្ស សត្វ សេដ្ឋកិច្ច និងទ្រព្យសម្បត្តិសាធារណៈ ដែលធ្វើឱ្យប្រទេសនៅលើពិភពលោកប្រឈមទៅនឹងការលំបាកជាច្រើនពាក់ព័ន្ធទៅនឹងគ្រោះមហន្តរាយ នានា ។លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍បន្តទៀតថា ចាប់ពីខែមិថុនា ដល់ខែតុលា ជារដូវភ្លៀង ដែលជារដូវនាំមកនូវផ្គររន្ទះ ខ្យល់កន្ត្រាក់ ដែលធ្វើឱ្យស្ថានភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
សំឡេងទី៣«នៅក្នុងបរិបទសកល តាមសេចក្ដីអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសកម្មភាពមួយយុទ្ធសាស្ត្រមួយជាសកលគឺប្រព័ន្ធផ្ដល់ព័ត៌មានជាមុនអំពីហានិភ័យនៃគ្រោះមហន្តរាយនេះត្រូវតែធ្វើឱ្យបានសម្រេចនៅឆ្នាំ២០២៧ ដែលរដ្ឋភាគីជាសមាជិកអង្គការសហប្រជាជាតិត្រូវតែជំរុញអប់រំណែនាំប្រជាពលរដ្ឋឱ្យលោកយល់អំពីផលប៉ះពាល់ដែលបណ្ដាលមកពីហានិភ័យព្រោះមហន្តរាយផ្សេងៗតាមរយៈការផ្ដល់ព័ត៌មានទុកជាមុនសម្រាប់គ្រប់ៗគ្នា ។នេះជាផែនការ យុទ្ធសាស្រ្តមួយរួមចំណែក សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលងាយរងគ្រោះ លោកបានយល់អំពីព័ត៌មាន អំពីការការពារខ្លួន
ដែលក្នុងនោះសព្វថ្ងៃនេះយើងមានដៃគូអភិវឌ្ឍន៍ ក៏ដូចជាក្រសួងពាក់ព័ន្ធជាមួយលោកកំពុងធ្វើការ ដូចជាក្រសួងធនធានទឹក និងឧតុនិយម ក្រសួង ប្រៃសណីយ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ»។
លោកវេជ្ជបណ្ឌិត អ៊ុយ សំអុនបានមានប្រសាសន៍បន្តទៀតថា កាលពីឆ្នាំ២០២៤ មានអ្នកស្លាប់ដោយសាររន្ទះបាញ់ចំនួន៤០នាក់ និងអ្នករងរបួសធ្ងន់ចំនួន១៩នាក់។ ការរងគ្រោះដោយរន្ទះបាញ់នេះលោកវេជ្ជបណ្ឌិតបញ្ជាក់ថា ទី១ មនុស្សសត្វរងគ្រោះដោយសារកម្ដៅ ដែលអាចធ្វើឱ្យរលាកពេញខ្លួន ។ចំណែកទី២ គឺរងគ្រោះដោយចរន្តអគ្គិសនីឆ្លងកាត់នៅក្នុងខ្លួនមនុស្ស សត្វ ដែលបណ្ដាលឱ្យស្លាប់ភ្លាមៗ។
សំឡេទី៤«ចឹងមិនប្រាកដថាឱ្យតែរន្ទះបាញ់ស្លាប់នោះទេ តែវាអាចឱ្យស្លាប់បានបើសិនមិនមានការជួយសង្គ្រោះបឋមទាន់ពេលវេលា ហើយជាពិសេសអាជ្ញាធរគាត់ក៏បានចូលរួមជួយ សង្គ្រោះប្រជា ពលរដ្ឋនៅគ្រោះរន្ទះនេះដែរ»។
ទោះបីគ្រោះថ្នាក់នេះមិនអាចព្យាបាលបាន ប៉ុន្តែយើងក៏អាចការពារវាឱ្យជៀសផុតពីគ្រោះថ្នាក់ទាំងអស់នេះផងដែរ។ដូច្នេះបងប្អូនប្រជាពលរដ្ឋគួរតែព្យាយាមតាមដានស្ដាប់ព័ត៌មានពីការជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីការពារផ្គររន្ទះរឺខ្យល់ព្យុះ ក្នុងពេលបំពេញការងារ។លោកវេជ្ជបណ្ឌិតបានលើកឡើងទៀតថា ៖
សំឡេងទី៥«កាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមួយចូលរួមអនុវត្តន៍នៅក្នុងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយនៅតាមសហគមន៍មុនគេ យើងបានចូលរួមច្រើនហើយយើងបាន ធ្វើកម្មវិធីច្រើន ណាស់នៅក្នុង២៥រាជធានី -ខេត្ត ទៅតាមមូលដ្ឋានយើងបង្កើតអ្នកស្ម័គ្រចិត្ត យើងចងក្រងជាសហគមន៍ បើកវគ្គបណ្ដុះបណ្ដាលដើម្បីពន្យល់ពីវិធីការពារ គ្រោះមហន្តរាយផ្សេងៗ។ ចឹងភាពងាយរងគ្រោះក៏ដូចគ្នា គឺទាក់ទងនឹងចំណេះដឹង ទាក់ទងនឹងឥរិយាបថ ទាក់ទងជាមួយការប្រព្រឹត្ត ទាក់ទងជាមួយវប្បធម៌ ដែលធ្វើឱ្យគាត់ងាយរងគ្រោះ បើគាត់យល់ដឹងពីវិធានការការពារគ្រោះមហន្តរាយ គឺគាត់គេចផុតនូវគ្រោះហានិភ័យអស់ទាំងនេះ»។
ចំពោះបាតុភូតរន្ទះបាញ់នេះតំបន់មួយចំនួនដែលងាយរងគ្រោះ ដូចជាខេត្តនៅតាមមាត់ សមុទ្រ និងខេត្តនៅតាមបណ្ដោយព្រំដែនជាដើម ។ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បានមានប្រសាសន៍ថាតាមតួលេខកន្លងមកខេត្តនៅខាងលើនេះ ជួបហានិភ័យរងគ្រោះដោយរន្ទះនេះច្រើន ជាងគេ។ ដូច្នេះប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នូវវិធីការពារខ្លួននៅពេលមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងនូវរងគ្រោះថ្នាក់ រហូតដល់បាត់បង់អាយុជីវិត។
សំឡេងទី៦«រដូវវស្សាមកដល់នេះធ្វើយើងម៉េចបើយើងនៅទីវាល យើងត្រូវតែរកទីជម្រកគត់មត់ ដូចជា នៅក្នុងផ្ទះ ត្រូវបិទ ទ្វារ បង្អួចឱ្យបានជិត ហើយកុំរត់ទៅរកខ្ទម ឬជ្រកក្រោមដើមឈើធំៗខ្ពស់ ដែលវាងាយនឹងចម្លងចរន្តអគ្គិសនី ព្រោះរន្ទះបាញ់ ភាគច្រើនបាញ់ទៅរកតំបន់ដែលខ្ពស់មានម៉ាស់ ធំ និងតំបន់ដែលមានទន្លេ ព្រែក ជាដើម ។ប្រសិន បើយើងកំពុងឋិតនៅទីតាំងទាំងអស់នេះ គួរគប្បី ត្រូវរកវិធីសាស្ត្រគេចពីទីតាំងនេះឱ្យបានលឿនបំផុត»។
លោកអ្នកនាងជាទីមេត្រី!
ក្រសួងធនធានទឹក និងឧត្តុនិយម បានរៀបចំបោះពុម្ពជាព្រឹត្តិបត្រផ្សព្វផ្សាយស្ដីពីវិធីមួយចំនួនដើម្បីការពាររន្ទះដោយខ្លួនឯង តាំងពីឆ្នាំ២០០០រហូតមក ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានការយល់ដឹងច្រើន នូវវិធីការពាររន្ទះនេះ ។បើទោះបីថាបាតុភូតរន្ទះជាគ្រោះធម្មជាតិដែលមនុស្សយើងមិនអាចគ្រប់គ្រងបានក៏ដោយ ប៉ុន្តែយើងក៏អាចការពារនិងជៀសបាននូវគ្រោះថ្នាក់ទាំងអស់នេះ ប្រសិនបើយើងអនុត្តន៍តាមវិធីដែលក្រសួងបានណែនាំ យើងអាចកាត់បន្ថយគ្រោះថ្នាក់ហ្នឹងបាន។ម្យ៉ាងទៀតសូមឱ្យបងប្អូនប្រជាពលរដ្ឋគួរតែតាមដានស្ដាប់ការព្យាករណ៍ស្ដីពីអាកាសធាតុ ដែលក្រសួងជំនាញបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ដើម្បី បានដឹងនិងត្រៀមលក្ខណៈទុកជាមុន ដែលអាចបន្ថយគ្រោះថ្នាក់បានខ្លះៗផងដែរ។
រដូវវស្សាបានចូលមកដល់ហើយ បងប្អូនប្រជាពលរដ្ឋត្រូវដឹងថា រន្ទះគឺជាបាតុភូតធម្មជាតិម្យ៉ាង ដែលអាចបង្កើតជាចរន្តអគ្គិសនីបាន នៅពេលដែលមេឃជិតមានភ្លៀងធ្លាក់ ឬកំពុងភ្លៀង។ វាអាចផ្តល់គ្រោះថ្នាក់ ដល់អាយុជីវិតរបស់មនុស្ស ឬសត្វ និង បំផ្លាញ នូវសម្ភារៈមួយចំនួនបានផងដែរ។ អ្វីដែលប្រជាពលរដ្ឋត្រូវធ្វើនៅពេលដែលមេឃជិតមានភ្លៀងធ្លាក់ ឬមានផ្គររន្ទះនោះ អ្នកគួរតែប្រញាប់រកវិធីបង្ការខ្លួន ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន៕