វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី ២៨.០៥.២០២៥
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម លើកឡើងថា ដើម្បីឱ្យការបង្កបង្កើនផលស្រូវវស្សាទទួលបាន ទិន្នផលខ្ពស់ កសិករគប្បីផ្ដោតសំខាន់លើកត្តាធំៗ៣ ជាពិសេសទាមទារឱ្យកសិករត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ថែមទៀតផង ។
លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រជាកសិករក្នុងខេត្តបានចាប់ផ្តើមបង្កបង្កើនស្រូវរដូវវស្សាបណ្តើរៗហើយ មកដល់ពេលនេះការដាំដុះសម្រេចបានប្រមាណ ជិត ៣០.០០០ហិកតា ស្មើនឹង៣៣% នៃផែនការ ៨៧.៦៥០ហិកតា ហើយ ។
លោកបានបន្តថា ដើម្បីឱ្យការដាំដុះដំណាំស្រូវទទួលបានជោគជ័យនិងទទួលបានទិន្នផលខ្ពស់ គឺកសិករត្រូវផ្ដោតសំខាន់លើកត្តា៣ ដោយទី១ ត្រូវជ្រើសរើសពូជណា ដែលទទួលបានទិន្នផលខ្ពស់ ពូជសុទ្ធ មានប្រភពច្បាស់លាស់ ទី២ ការជ្រើសរើសប្រភេទដី ការរៀបចំដី ការប្រើប្រាស់ជី ការប្រើប្រាស់ទឹក ស្វែងយល់អំពីប្រភេទដំណាំរបស់ខ្លួនឱ្យបានច្បាស់ ដែលចំណុចទាំងនេះជួយធ្វើឱ្យដំណាំរបស់ប្រជាកសិករ លូតលាស់បានល្អនិងទទួលបានទិន្នផលច្រើន ។
« មួយវិញទៀតគឺពាក់ព័ន្ធជាមួយនឹងការថែទាំ គឺបងប្អូនត្រូវតែឧស្សាហ៍ចុះទៅមើលដំណាំឬស្រែរបស់ខ្លួន មិនត្រូវដាំដុះហើយទុកចោលនោះទេ ជួនកាលអាចមានស្មៅដុះក្រាស់ មានសត្វល្អិតបំផ្លាញដំណាំ គឺយើងមិនដឹងនោះទេ ដូច្នេះគឺឧស្សាហ៍ចុះទៅមើលថែទាំ ហើយនៅពេលដែលដំណាំរបស់ខ្លួនជួបបញ្ហាអ្វីនោះ គឺនឹងអាចដោះស្រាយបានទាន់ពេលវេលា »។
ក្នុងនោះ លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម ក៏បានអំពាវនាវទៅដល់ប្រជាកសិករដទៃទៀត ដែលមិនទាន់បានចាប់ផ្តើមបង្កបង្កើនផលស្រូវរដូវវស្សា សូមរួសរាន់ចាប់ផ្ដើមដាំដុះពីពេលនេះតទៅ ពីព្រោះនៅដើមរដូវបែបនេះ គឺមានទឹកគ្រប់គ្រាន់ធ្វើឱ្យដំណាំស្រូវលូតលាស់បានល្អ ដោយមិនព្រួយបារម្ភនៅពេលដែលជួបកូនរដូវប្រាំងនោះឡើយ ៕