វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៨ ៥ ២៥
អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិកមិនបានបញ្ជាក់ពីព័ត៌មានអំពីការលុបចោលការរឹតបន្តឹងលើជួរអាវុធដែលផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកស្រីបាននិយាយនៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់អាល្លឺម៉ង់ថា រដ្ឋមួយចំនួនរួមទាំងសហរដ្ឋអាម៉េរិកបានលុបចោលការរឹតបន្តឹងលើអាវុធដែលបានបញ្ជូនទៅកាន់ទីក្រុងកៀវ លោកស្រីបានឆ្លើយតបថា "ខ្ញុំនឹងមិនពិភាក្សាអំពីរឿងនេះទេ។ ខ្ញុំនឹងមិនបញ្ជាក់នោះទេ"។ កាលពីថ្ងៃទី២៦ ខែឧសភា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ប្រទេសរបស់លោក ក៏ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក និងបារាំងបានដកការរឹតបន្តឹងទាំងអស់ទៅលើអាវុធដែលបានផ្តល់ទៅកាន់អ៊ុយក្រែន ដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី។ លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីបាននិយាយថា ការសម្រេចចិត្តនេះគឹនឹងបង្កភាពគ្រោះថ្នាក់ ហើយបានដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀងសន្តិភាព៕