វិទ្យុជាតិកម្ពុជា អេង យូ
MC.លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ចាប់តាំងពីអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥មក ហើយគិតមកដល់បច្ចុប្បន្នមានរយៈពេល៣០ឆ្នាំមកហើយ ដោយអាជ្ញាធរជាតិអប្សរា បានប្រឹងប្រែងយ៉ាងខ្លាំង ដែលមិនត្រឹមតែធ្វើឱ្យអង្គរបានរួចផុតពីគ្រោះថ្នាក់ប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យតំបន់អង្គរមានតម្លៃលេចធ្លោនិងបរិស្ថានធម្មជាតិ មានសោភ័ណភាពស្រស់បំព្រងផងដែរ។ លោកបានថ្លែងបែបនេះ នៅក្នុងបទបង្ហាញ ស្តីពីសមិទ្ធផល៣០ឆ្នាំ ដល់អ្នកសារព័ត៌មានមកពីរាជធានីភ្នំពេញ សារព័ត៌មានប្រចាំខេត្តសៀមរាប សមាគមទេសចរណ៍និងអ្នកមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជិត៦០នាក់ កាលពីរសៀលថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៥។
លោកឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា បានជួយ សង្គ្រោះប្រាសាទបុរាណជាច្រើនដែលខូចខាត ប្រឈមនឹងគ្រោះ ថ្នាក់ឱ្យប្រែក្លាយទៅជារឹងមាំឡើង វិញ តាមរយៈការងារជួសជុល ។ រហូតមកដល់បច្ចុប្បន្ននេះការងារជួសជុលប្រាសាទបុរាណនៅតែបន្ត ដោយសារតែប្រាសាទបុរាណជាច្រើន មានអាយុកាលចាស់ ទ្រុឌទ្រោម ហើយថ្មកើតជម្ងឺ និងត្រូវការព្យាបាល។
លោកបន្តថា ក្នុងរយៈ៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា បានធ្វើកិច្ចការជាច្រើន គឺក្រៅតែពីការជួសជុលប្រាសាទបុរាណ ក៏បានប្រឹងប្រែងកែប្រែទេសភាពវប្បធម៌ នៅក្នុងតំបន់អង្គរ ឱ្យមានភាពបៃតង ដោយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះគឺអាជ្ញាធរបានដាំកូនឈើនៅក្នុងតំបន់អង្គរចំនួនជាង២លានដើម។ បន្ថែមលើនេះ អាជ្ញាធរជាតិអប្សរាបានលើកកម្ពស់ជីវភាពពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរ ឱ្យមានជីវភាពសមរម្យ តាមរយៈការសាងសង់ផ្លូវថ្នល់ជាច្រើនខ្សែ ការស្ដារនិងពង្រីកប្រព័ន្ធធារាសាស្ត្រសម័យបុរាណ ដោយនាំទឹកមកការពារតំបន់អង្គរផង ផ្ដល់ទឹកឱ្យប្រជាពលរដ្ឋអាចយកទៅស្រោច ស្រពវិស័យកសិកម្មផងនិងទីក្រុងអាចយកទឹកទៅប្រើប្រាស់ផង។
ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ចូលរួមលើកកម្ពស់សុខភាពនិងវិស័យកីឡាដល់សាធារណជន ដូចជាបានបង្កើតផ្លូវថ្នល់ជាច្រើននៅក្នុងតំបន់អង្គរ ដើម្បីឱ្យប្រជាពលរដ្ឋនិងអ្នកទេសចរអាចជិះកង់ កម្សាន្ត ហាត់ប្រាណមើលធម្មជាតិ។ល។
លោក ឡុង កុសលយល់ថាការប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការងារគ្រប់គ្រងនិងថែរក្សាតំបន់អង្គរក្នុងរយៈពេល៣០ឆ្នាំមកនេះ បានធ្វើឱ្យតម្លៃអង្គរមានភាពលេច ធ្លោឡើងយ៉ាងខ្លាំង។ តម្លៃលេចធ្លោនេះជាសក្ដានុពល ធ្វើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប មិនអាចកាត់ផ្ដាច់ចេញពីតំបន់អង្គរបានទេ។
ប្រធានសមាគមក្លឹបទេសចរណ៍ លោក សែត កៅ យល់ថាតំបន់អង្គរគឺជាសសរទ្រូងនៃវិស័យទេសចរណ៍ប្រមាណ៧០ភាគរយ ដោយបានជួយដល់សេដ្ឋកិច្ចរបស់ខេត្តសៀមរាប។
លោក សែត កៅ បញ្ជាក់ទៀតថាអង្គរគឺប្រៀបបានអណ្ដូងដែលមានទឹកជាមាសមិនចេះរីងស្ងួត។ លោកសែត កៅ បានអំពាវនាវឱ្យពលរដ្ឋ ខ្មែរគ្រប់រូបរួមគ្នាថែរក្សាអណ្ដូង ដែលមានទឹកមាសមិនចេះរីងស្ងួតនេះ ដើម្បីឱ្យវិស័យទេសចរណ៍អាចដងយកទៅបម្រើឱ្យវិស័យសេដ្ឋកិច្ចរបស់ជាតិ បានប្រសើរឡើង៕