សម្ដេចតេជោគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន

Narith | ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ២៨ ០៥ ២៥

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការ ឈ្លានពានបន្តទៀត។ 
សម្ដេចតេជោ មានប្រសាសន៍ថា ដំបូងសម្ដេចសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខ ជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលសម្តេចសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបាន សម្រេចចិត្ត ឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពាន កាលពីឆ្នាំ ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។
សម្ដេចតេជោមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែសម្ដេចតេជោគាំទ្រដល់ការ សម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបក ការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ 
សម្ដេចតេជោ សង្ឃឹមថា ការចរចាដែលនឹងត្រូវធ្វើ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ កម្ពុជានឹងទទួលបានផលល្អ។ សម្ដេចតេជោសង្ឃឹមថានិងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេស ទាំងពីរនោះឡើយ។ 

ជាមួយគ្នានេះ សម្ដេចតេជោសូមអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះ ឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរ។ យើងស្អប់សង្រ្គាមតែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើ កាលពីឆ្នាំ២០០៨ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់៕

សម្ដេចតេជោគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន
សម្ដេចតេជោគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន