វិទ្យុជាតិកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ភាពរីកចម្រើន ក៏ដូចជាការពង្រីកប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់របស់ក្រុមហ៊ុនមីនេបៀកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, បានអនុញ្ញាតឱ្យលោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន MinebeaMitsumi Inc., និងសហការី ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញ បំពេញទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែល បានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងបានសម្តែងការអរគុណយ៉ាង ស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការ និងសកម្មភាព អាជីវកម្មរបស់ក្រុមហ៊ុនមីនេបៀកម្ពុជា-Minebea (Cambodia)។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពនៃការពង្រីកប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន ដោយបច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់ឱកាសការងារជាង ២,០០០កន្លែង និងគ្រោងជ្រើសរើស ពលរដ្ឋបន្ថែមទៀតចូលបម្រើការងារជាបន្តបន្ទាប់។ ឆ្លៀតក្នុងឱកាសនោះ, លោកប្រធានក្រុមហ៊ុនក៏បាន គោរពជម្រាបជូនសម្តេចធិបតីអំពីដំណើរការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន ដែលគ្រោងនឹងបញ្ចប់ នៅដំណាច់ឆ្នាំនេះ។ លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាគឺជាគោលដៅដ៏ល្អបំផុត សម្រាប់ការវិនិយោគ។
ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងការស្វាគមន៍ និងសេចក្តីសោមនស្សដែលបានជួបលោក ប្រធានក្រុមហ៊ុន និងសហការីជាថ្មីម្ដងទៀត។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន ក៏ដូចជាការពង្រីកប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់របស់ក្រុមហ៊ុនមីនេបៀកម្ពុជា។ សម្តេចធិបតីបានមានប្រសាសន៍ថា ភាពជោគជ័យនេះមិនត្រឹមតែបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តដាក់ចេញនូវគោលនយោបាយក្នុងការគាំទ្រ និងយកចិត្តទុក ដាក់ចំពោះក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំងធានានូវបរិយាកាសវិនិយោគប្រកបដោយ ភាពទាក់ទាញ និងភាពប្រកួតប្រជែងសម្រាប់វិនិយោគិននៅកម្ពុជា។សូមបញ្ជាក់ថាក្រុមហ៊ុនMinebea Mitsumi Inc. ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន បានធ្វើអាជីវកម្មលើការផលិតគ្រឿងបង្គុំម៉ាស៊ីន និង គ្រឿងបង្គុំអេឡិចត្រូនិកចាប់តាំងឆ្នាំ១៩៥១ ។ បច្ចុប្បន្នក្រុមហ៊ុនក៏បានបង្កើតរោងចក្រចំនួនពីរកន្លែងនៅកម្ពុជា ដោយទីមួយនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ និងទីពីរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិសាត់ ដែលអាចបង្កើតការងារ ជិត១ម៉ឺនកន្លែង ៕