វិទ្យុជាតិកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន NTT DOCOMO GLOBAL Inc., របស់ជប៉ុនដែលបង្ហាញ បំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥,បានអនុញ្ញាតឱ្យ លោក HIROKI Kuriyama ប្រធាននិងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន NTT DOCOMO GLOBAL Inc., និងសហការីចូលជួបសម្ដែងការគួរសម ក្នុងឱកាស អញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងដំណើរការនៅតាមបណ្តាប្រទេសជាច្រើនលើសកលលោក ដោយផ្តោតជាសំខាន់លើការ វិនិយោគក្នុងវិស័យឌីជីថល និងទូរគមនាគមន៍។ ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., ជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅប្រទេសជប៉ុន ដែលផ្តល់សេវាកម្ម 4G, 5G និងប្រព័ន្ធផ្កាយរណប។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមលើបច្ចេកវិទ្យា 6G ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ, លោកប្រធានក្រុមហ៊ុនបានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា ជាពិសេសក្នុងវិស័យឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល នៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចំពោះគោលបំណង របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឌីជីថល ជាពិសេសការពង្រីកការគ្របដណ្តប់សេវា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋ គ្រប់រូបមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សម្ដេចធិបតីបានបន្ថែមថា បច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា កំពុងបញ្ចប់ដំណើរការ និងត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ទូទាំង ប្រទេស។
មុននឹងបញ្ចប់, សម្ដេចធិបតីបានណែនាំឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីសិក្សាលម្អិតអំពីលទ្ធភាពជាក់ស្តែងក្នុងការវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា។
សូមបញ្ជាក់ថាក្រុមហ៊ុន NTT DOCOMO GLOBAL Inc. ជាក្រុមហ៊ុនយក្សលំដាប់លេខ១នៅប្រទេស ជប៉ុន និងជាក្រុមហ៊ុនជួរមុខលំដាប់ពិភពលោក ដែលធ្វើសកម្មភាពអាជីវកម្ម លើវិស័យទូរគមនាគមន៍, ផ្គត់ផ្គង់សេវាកម្ម 4G និង 5G, អភិវឌ្ឍន៍បច្ចេកវិទ្យា 6G, ប្រព័ន្ធផ្កាយរណប និងទូរសព្ទចល័ត ៕