វិទ្យុជាតិកម្ពុជា
សម្ដេចធិបតីហ៊ុន ម៉ាណែតបានសម្ដែងការពេញចិត្ត ក្រុមហ៊ុន KOUA SHOJI Co., Ltd. ដែលបាន បង្កើនសកម្មភាពលើការកែច្នៃសំណល់ប្លាស្ទិកនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥,បានអនុញ្ញាតឱ្យ លោក OKUMURA Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. និងសហការីចូលជួបសម្ដែងការគួរសម នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេច ធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលសម្ដែង ការគួរសម និងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។ ក្រុមហ៊ុនបានចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មចាប់តាំងពីឆ្នាំ២០១៥ មក ដោយមានកិច្ចសហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅក្នុងការកែច្នៃសំរាមនៅខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ, ក្រុមហ៊ុនក៏កំពុងមានប្រតិបត្តិការអាជីវកម្មកែច្នៃសំរាមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងកែច្នៃផលិតផលប្លាស្ទិកឱ្យទៅជាសម្ភារៈប្រើប្រាស់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ។ លោកប្រធានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែមាន កិច្ចសហការជាមួយនឹងដៃគូនៅក្នុងប្រទេសជប៉ុន ដើម្បីជំរុញ និងបង្កើនសកម្មភាពប្រតិបត្តិការអាជីវកម្ម របស់ខ្លួនលើការកែច្នៃសំណល់ប្លាស្ទិកបន្ថែមទៀត តាមរយៈគំនិតផ្តួចផ្តើមថ្មីៗដូចជាការកែច្នៃសំរាមចល័ត និងការកែច្នៃតាមទូកុងតឺន័រ ជាដើម។ កន្លងមក, ក្រុមហ៊ុនក៏បានសហការជាមួយបណ្ដាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជាក្នុងការចែកធុងសំរាម ក៏ដូចជាសហការជាមួយក្រសួងបរិស្ថាន និងសាលារៀនលើការ បណ្ដុះបណ្ដាលផ្នែកអនាម័យ និងធ្វើយុទ្ធនាការប្រមូលសំរាម។ ឆ្លៀតក្នុងឱកាសនេះ, លោកប្រធាន ក្រុមហ៊ុនបានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការ សម្របសម្រួល និងការគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងរយៈពេលជាង 10 ឆ្នាំកន្លង មកនេះ។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន នៅកម្ពុជា។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ ចំពោះគ្រប់ បណ្ដាក្រុមហ៊ុនវិនិយោគទាំងឡាយ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មផ្ទាល់នៅកម្ពុជា ដោយសម្តេចធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ, យន្តការនៃការលើកទឹកចិត្ត និងការគាំទ្រផ្សេងៗ សម្រាប់វិនិយោគិន។ សម្ដេចធិបតីបានបន្ថែមទៀតថា ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍ រីកចម្រើន ហើយកំណើនប្រជាជនមានការកើនឡើង, បរិមាណសំរាម និងសំណល់ផ្សេងៗក៏មានការកើន ឡើងជាបន្តបន្ទាប់។ ដូច្នេះ, សកម្មភាពការកែច្នៃសំណល់របស់ក្រុមហ៊ុនពីប្លាស្ទិក ក៏ដូចជាសំរាមផ្សេងៗ ទៅជាផលិតផលប្រើប្រាស់ឡើងវិញនេះ គឺជាអាជីវកម្មដ៏មានសារៈសំខាន់ ហើយរាជរដ្ឋាភិបាលកម្ពុជានឹង នៅតែបន្តគាំទ្រដល់សកម្មភាពអាជីវកម្មប្រភេទនេះ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រីកសកម្មភាព អាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួម ចំណែកដល់ការលុបបំបាត់ ឬ កាត់បន្ថយសំរាម និង សំណល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថាក្រុមហ៊ុន KOUA SHOJI Co., Ltd. ត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ១៩៥២ ដែលផ្តោតសំខាន់លើការគិតគូរដល់បរិស្ថាន ពិសេស ការកែច្នៃសំណល់ ឬសំរាមផ្សេងៗ ។ កន្លងមក ក្រុមហ៊ុនផ្តួចផ្តើមនូវសកម្មភាពជាច្រើនផងដែរនៅកម្ពុជា លើសកម្មភាពលើកកម្ពស់ការយល់ដឹងពីការ បែងចែកសំណល់, គាំទ្រសកម្មភាពប្រមូលសំរាម, ការកែច្នៃសំណល់ប្លាស្ទិក និងកីឡាផ្នែកនារីផងដែរ ដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប ។ លើសពីនេះ ក្រុមហ៊ុន KOUA SHOJI Co., Ltd. ក៏មានគោលដៅពង្រីកបន្ថែមសកម្មភាពរបស់ខ្លួន នៅខេត្តផ្សេងៗទៀតផងដែរនាពេល អនាគត៕