វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៨ ៥ ២០២៥
ភ្នំពេញ ៖ ក្នុងកិច្ចពិភាក្សាពិសេស ផ្តោតជាសំខាន់លើគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះជនអន្តោប្រវេសន៍ ក្រោមប្រធានបទ «ការការពារព្រំដែនៈ ការធ្វើឱ្យសហរដ្ឋអាម៉េរិក មានសុវត្ថិភាពប្រសើរជាងមុន» នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ នាសាលទន្លេសាប អគារខេមវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា កម្ពុជា បានមានប្រសាសន៍ថា កិច្ចពិភាក្សាពេលនេះ ជាការពិភាក្សាដ៏អស្ចារ្យមួយ ដែលបានឃើញវាគ្មិន ធ្វើបទបង្ហាញស្តីអំពី ការឆ្លងទៅព្រំដែនប្រទេសមួយ តើត្រូវមានភារកិច្ចយ៉ាងដូចម្តេច ត្រូវបំពេញកាត្វកិច្ច យ៉ាងដូចម្តេច ដើម្បីចៀសវាងការជួបនូវបញ្ហា។
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច បានបន្តថាកិច្ចពិភាក្សានេះផងដែរ មានការស្នើសុំពីមហាជនជាច្រើន មករាជបណ្ឌិត្យសភាកម្ពុជា ខណៈដែលរាជបណ្ឌិត្យសភាកម្ពុជា ក៏បានស្នើសុំទៅស្ថានទូតរបស់ សហរដ្ឋអាម៉េរិក ដើម្បីឱ្យធ្វើបទបង្ហាញជូនមហាជន ក្នុងការបំពេញនូវកិច្ចការអ្វីខ្លះ ដើម្បីកុំឱ្យមានការ ចាញ់បោកគេព្រោះតែចង់ទៅសហរដ្ឋអាម៉េរិក ព្រោះរឿងនេះមានការបោកប្រាស់ច្រើនណាស់ និង មានគ្រប់រូបភាពផងដែរ។
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ក៏បានអរគុណដល់ស្ថានទូតសហរដ្ឋអាម៉េរិក ដែលបញ្ជូនវាគ្មិន ដើម្បីធ្វើការបកស្រាយនាពេលនេះ ដើម្បីអាចឱ្យប្រជាពលរដ្ឋឬមហាជន អាចដឹងច្បាស់ថាតើមុននឹងទៅ សហរដ្ឋអាម៉េរិក ត្រូវបំពេញភារកិច្ចអ្វីខ្លះ។
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមថា អ្នកចូលរួមទាំងអស់ក៏បានសួរវាគ្មិន ដើម្បីធ្វើការ បកស្រាយនូវចម្ងល់ក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ត្រូវបំពេញភារកិច្ចយ៉ាងដូចម្តេច ហើយ តួនាទីរបស់សហរដ្ឋអាម៉េរិកត្រូវធ្វើដូចម្តេច?
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមទៀតថា ការមកធ្វើបទបង្ហាញនៅថ្ងៃនេះ គឺជាការយក ចិត្តទុកដាក់របស់សហរដ្ឋអាម៉េរិក នូវអ្វីដែលជាការស្នើសុំរបស់ប្រជាជនកម្ពុជា ដែលបានជួបប្រទះ នូវបញ្ហា។
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នយោបាយការបទេសរបស់គាត់ បច្ចុប្បន្ននេះ គឺមនុស្សដែលរស់នៅគ្មានប៉ាស្ព័រ គ្មានសញ្ជាតិ សហរដ្ឋអាម៉េរិកត្រូវទៅប្រទេសខ្លួនវិញ ដូច្នេះហើយបានជារាជបណ្ឌិត្យសភាបានរៀបចំនូវកិច្ចពិភាក្សានេះ ព្រោះមិនចង់ឱ្យប្រជាជនកម្ពុជារងគ្រោះដោយសាររឿងនេះនោះទេ៕